ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ឯកឧត្ដម គួច ចំរើន ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល

(ខេត្តកណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានប្រកាសទទួលស្គាល់ជា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសសាន៍ថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ាន លះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង-ស្រុក និងរដ្ឋបាលក្រុង-ស្រុកទាំងអស់នៅទូទាំងខេត្តកណ្ដាល ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទើបប្រកាសថ្មី បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់ អតីតយុទ្ធជនទាំងអស់ និងផ្តល់អាទិភាពខ្ពស់បម្រើជាពិសេស ចំពោះអតីតយុទ្ធជនក្នុងខេត្ត ឱ្យសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ និងកសាងសន្តិភាពជូនមាតុភូមិកម្ពុជានាពេលកន្លងមក។ ត្រូវខិតខំ ជំរុញការអនុវត្តគម្រោង សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការ វិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល និងខិតខំប្រឹងប្រែងកៀរគរ សប្បុរសជន និងអ្នកពាក់ព័ន្ធឱ្យជួយឧបត្ថម្ភ គាំទ្រ ដល់ អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងជួបប្រទះការលំបាក។

ក្នុងរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានឱ្យដឹងថា មុខសញ្ញាអតីតយុទ្ធជនគ្រប់ប្រភេទគ្រប់គ្រងក្នុង ខែសីហា ឆ្នាំ២០២៤ សរុបចំនួន ៥.៧៣៨នាក់ និវត្តជន ២.២៨៨នាក់, ពិការ ១.២០៩នាក់, បាត់បង់ ៤៥នាក់, ពលី ១.៥៣៥នាក់, មរណៈ ៦៦១នាក់។ សមាជិក ស.អ.ក សរុបចំនួន ២.៧៦៨នាក់ ក្នុងនោះ និវត្តជន ១.០៦៨នាក់, ពិការ ៩២២នាក់, បាត់បង់ ៣៤នាក់, ពលី ៦៨៦នាក់ និងមរណៈ ៥៨នាក់។ រយៈពេល ០៨ខែ ឆ្នាំ២០២៤ គណៈកម្មាធិការ ស.អ.ក ខេត្ត-ក្រុង-ស្រុក បានចុះបើក ផ្តល់ថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសព សមាជិក ស.អ.ក សរុបចំនួន ៦៦នាក់ ប្រើប្រាស់ថវិកាសរុប ២៦៤ លានរៀល ក្នុងនោះប្រើប្រាស់៖ ថវិកាបេឡាមរណសង្គ្រោះ ចំនួន ១១២លានរៀល ស្មើនឹង ២៨សព។ ថវិកាសម្តេច ចំនួន ១៥២លានរៀល ស្មើនឹង ៣៨សព។ក្រៅពីប្រគល់ថវិកាបេឡាមរណសង្រ្គោះ ថ្នាក់ដឹកនាំសមាគមបានជួយឧបត្ថម្ភដល់ក្រុម គ្រួសារសពនូវថវិកាសរុបចំនួន ៥៥ម៉ឺនរៀល, អង្ករ ២.៩៥០គីឡួក្រាម និងគ្រឿង ឧបភោគ បរិភោគជាច្រើនទៀតផងដែរ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner