អ្នកឡើងមហាកំផែង Great Wall អាចកម្ម៉ង់អាហារ តាមរយៈ Drone

បរទស៖ CNN បានចេញផ្សាយ នៅថ្ងៃសុក្រនេះថា អ្នកទេសចរឡើង មហាកំផែង Great Wall របស់ប្រទេសចិន ឥឡូវនេះ ទទួលបានសេវាកម្មដឹកអាហារថ្ងៃត្រង់ តាមរយៈយន្តហោះគ្មានមនុស្សបើក ឬ Drone ជាពិសេស សម្រាប់ភ្ញៀវដែលឃ្លានអាហារខ្លាំង ត្រូវការរហ័ស ទាន់ចិត្ត។

ក្រុមហ៊ុនដឹកជញ្ជូនអាហារចិនដ៏ធំ ឈ្មោះ Meituan បាននិយាយថា សេវាកម្ម Drone ថ្មី ដែលបានប្រកាស ឲ្យដំណើរការ កាលពីសប្តាហ៍មុន កំពុងនាំយកអាហារ ភេសជ្ជៈ និងទំនិញផ្សេងៗទៀត រួមទាំង ថ្នាំពេទ្យផងដែរ ជូនដល់អតិថិជន នៅផ្នែកឆ្ងាយ នៃ Great Wall។

លោកស្រី Yan Yan នាយកកិច្ចការសាធារណៈ នៃអាជីវកម្ម Drone របស់ក្រុមហ៊ុន Meituan នាងបានប្រាប់ទូរទស្សន៍រដ្ឋ CCTV ថា «តាមរយៈយន្តហោះ Drone ពេលវេលានៃការផ្គត់ផ្គង់សម្ភារៈសង្គ្រោះបន្ទាន់ ត្រូវបានបន្ថយ ពី៥០នាទី តាមរយៈការដើរ មកត្រឹម ៥នាទី គឺ អាចចែកចាយ ដល់ភ្ញៀវបានហើយ»។

ក្រុមហ៊ុន Meituan បានអះអាងថា Done បើកអាចហោះហើរ ក្នុងខ្យល់ និងភ្លៀងល្មម ហើយអាចផ្ទុកទម្ងន់បាន២.៣ គីឡូក្រាម ក្នុងមួយជើង។ រីឯ ថ្លៃដឹកជញ្ជូនវិញ គឺ៤យន់ ឬ ៥៦សេនដុល្លារអាមេរិក ពោលគឺ ដូចគ្នានឹងការដឹកជញ្ជូnធម្មតាដែរ នេះបើតាមកាសែតរដ្ឋ Beijing Youth Daily។ ប្រភពបន្តថា សេវាកម្មនេះ ទទួលការបញ្ជាទិញ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៤ រសៀល។ នៅពេលដែលបានទទួលការបញ្ជាទិញរួច បុគ្គលិក Meituan នឹងទៅយកអាហារ ឬ សម្ភារៈនៅហាងក្បែរនោះ ហើយនាំយក ទៅលើដំបូលសណ្ឋាគារ ជាកន្លែងដែលត្រូវថ្លឹង និងវេចខ្ចប់។ បន្ទាប់មក ប្រតិបត្តិករម្នាក់ បានភ្ជាប់កញ្ចប់ទៅលើ Drone ឆ្ពោះទៅកាន់ ប៉មយាម ដែលជាកន្លែងបុគ្គលិកផ្សេងទៀត រង់ចាំទទួល។ ក្រោយមក អ្នកប្រើប្រាស់កម្មវិធី ឬ កម្ម៉ង់ អាចយកកញ្ចប់របស់ពួកគេ ពីបុគ្គលិក នៅប៉មយាម។

ក្រៅពីម៉ោងដឹកជញ្ជូនសម្ភារៈឬ អាហារជូនភ្ញៀវទេសចរនោះ យន្តហោះគ្មានមនុស្សបើក របស់ក្រុមហ៊ុន Meituan ក៏ទទួលភារកិច្ចដឹកសំរាម ទៅកាន់ស្ថានីយ៍កែច្នៃ ឡើងវិញ ទៀតផង នេះបើតាម CNN ដដែល៕

ប្រភព៖ CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner