អ្នកវិទ្យាសាស្រ្តចិនរកឃើញវិធីសាស្រ្តបម្លែងដីនៅភពព្រះចន្ទផលិតជាទឹក

ប៉េកាំង : ទូរទស្សន៍រដ្ឋចិន CCTV បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកវិទ្យាសាស្ត្រចិនបានរកឃើញវិធីសាស្រ្តថ្មីមួយ គឺការបង្កើតទឹកក្នុងបរិមាណដ៏ច្រើន តាមរយៈការប្រើប្រាស់ដីនៅលើភពព្រះចន្ទ។

កាលពីឆ្នាំ ២០២០ បេសកកម្មឆាងអឺ ៥ (Chang’e-5) របស់ប្រទេសចិន គឺជាបេសកកម្មដំបូងក្នុងរយៈពេល ៤៤ឆ្នាំ ដែលមនុស្សបាននាំយកសំណាកដីពីភពព្រះចន្ទមកកាន់ផែនដី។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា អ្នកស្រាវជ្រាវមកពីបណ្ឌិតសភាវិទ្យាសាស្ត្រចិន រកឃើញថា សារធាតុរ៉ែនៅក្នុងដីភពព្រះចន្ទ មានផ្ទុកសារធាតុអ៊ីដ្រូសែនច្រើន ដែលអាចធ្វើប្រតិកម្មជាមួយសមាសធាតុផ្សេងៗទៀត នៅពេលកំដៅកើនសីតុណ្ហភាពខ្ពស់ ហើយបង្កើតបានជាចំហាយទឹក។

បន្ទាប់ពីការស្រាវជ្រាវស៊ីជម្រៅ និងការផ្ទៀងផ្ទាត់ម្តងហើយម្តងទៀតអស់ពេល៣ឆ្នាំ នៅទីបំផុតវិធីសាស្រ្តថ្មីមួយ តាមរយៈការប្រើប្រាស់ដីនៅភពព្រះចន្ទ ដើម្បីផលិតបរិមាណទឹកដ៏ច្រើនត្រូវបានរកឃើញ ហើយត្រូវបានគេរំពឹងថា នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីសាងសង់ស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រនៅភពព្រះចន្ទនាពេលអនាគត។
នេះបើតាមការចេញផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ CCTV។

តាមរយៈវិធីសាស្រ្តថ្មីនេះ ដីនៅភពព្រះចន្ទមួយតោនអាចនឹងផលិតទឹកគិតជាទម្ងន់បានប្រហែលពី ៥១ ទៅ៧៦គីឡូក្រាម ដែលស្មើនឹងបរិមាណទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សចំនួន ៥០នាក់។ របកគំហើញថ្មីនេះដែរ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់គម្រោងរយៈពេលរាប់ទស្សវត្សរ៍របស់ប្រទេសចិន ក្នុងការបង្កើតស្ថានីយអវកាសអចិន្រ្តៃយ៍ ចំពេលមានការរត់ប្រណាំងរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីស្វែងរក និងរុករកធនធានរបស់ភពព្រះចន្ទ។

ប្រធានអង្គការ NASA លោក Bill Nelson បានលើកឡើងម្តងហើយម្តងទៀតអំពីភាពជឿនលឿននៃកម្មវិធីអវកាសរបស់ប្រទេសចិន និងលទ្ធភាពដែលទីក្រុងប៉េកាំងអាចកាន់កាប់ទីតាំងដែលសម្បូរធនធានបំផុតនៅលើភពព្រះចន្ទ។

ប្រទេសចិនផ្ទាល់ក៏សង្ឃឹមផងដែរថា បេសកកម្មភពព្រះចន្ទនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតរបស់ខ្លួន នឹងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីសាងសង់ស្ថានីយ៍ស្រាវជ្រាវភពព្រះចន្ទអន្តរជាតិ ហៅកាត់ថា (ILRS) ដែលជាគំនិតផ្តួចផ្តើមមួយ ដែលទីក្រុងប៉េកាំងកំពុងដឹកនាំជាមួយរុស្ស៊ី៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner