ឆ្នាំក្រោយ យន្តហោះចម្បាំងល្បឿនលឿនបំផុតលើលោក ហោះសំកាំងលើមេឃនៅអាមេរិក
កងទ័ពអាកាសអាមេរិកនឹងបញ្ចេញយន្តហោះចម្បាំងថ្មីឈ្មោះ SR-72 ឲ្យហោះសំកាំងខ្លួនលើផ្ទៃមេឃជាផ្លូវការនាឆ្នាំ ២០២៥ ខណៈមហាអំណាចយោធាផ្សេងៗទៀតក៏កំពុងឈ្មុសឈ្មុលផលិតសព្វាវុធថ្មីៗផងដែរ ។
ផលិតឡើងក្នុងឆ្នាំ ២០១៣ ដោយក្រុមហ៊ុន Lockheed Martinក្រោមកុងត្រា ៩២៨ លានដុល្លារ, យន្តហោះ SR-72 ដែលមានរហស្សនាមថា “កូនតាវ៉ៅជ្រែកអាកាស” មានតម្លៃរហូតដល់ ១ ពាន់លានដុល្លារក្នុងមួយគ្រឿង ។ នេះបើតោមការចេញផ្សាយដោយសារព័ត៌មាន CNBC ។
មន្ទីរបញ្ចកោណបានអះអាងថា គោលបំណងនៃការផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក “SR-72 Blackbird នេះឡើង គឺដើម្បីបំពេញបន្ថែមសព្វាវុធក្នុងជួរកងទ័ព បន្ទាប់ពីរុស្ស៊ី និងចិនក៏កំពុងញាប់ដៃញាប់ជើងផលិតអាវុធល្បឿនលឿនស្រដៀងគ្នានេះចូលទៅក្នុងឃ្លាំងអាវុធរបស់ពួកគេផងដែរ ។
យន្តហោះចម្បាំង SR-72 នឹងចូលខ្លួនមកបម្រើក្នុងសមរភូមិប្រយុទ្ធឲ្យកងទ័ពដែនអាកាសអាមេរិកនៅឆ្នាំ ២០៣០ ជាពិសេសយន្តហោះបំបាំងកាយមួយនេះ ក៏នឹងមកជំនួសប្រតិបត្តិការរបស់យន្តហោះ SR-71 ដែលល្បីរន្ទឺជាយន្តហោះល្បឿនលឿនជាងសំឡេង និងធ្លាប់បាន បំបែក ឯតទគ្គ កម្ម ពិភពលោក កាលពី ឆ្នាំ ១៩៧៤ ប៉ុន្តែបានចូលនិវត្តន៍លែងហោះហើរនៅលើមេឃនៅឆ្នាំ ១៩៩៨ ។
យោងតាមគេហទំព័រ Airforce Technology បានឲ្យដឹងថា យន្តហោះដែលមានរហស្សនាម “កូនតាវ៉ៅជ្រែកអាកាស” មួយនេះមិនចាញ់យន្តហោះ SR-71 នោះទេ ។ វាមានល្បឿនលឿនដូចព្យុះក្នុងប្រភេទMach 6 ដែលអាចហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិកមិនដល់ ១ ម៉ោងផង ។
យន្តហោះ SR-72 Blackbird ដែលមានតួនាទីឃ្លាំមើល និងឈ្លបយកការណ៍លើដែនអាកាសរបស់សត្រូវ មានទំហំប៉ុនយន្តហោះចម្បាំងបំបាំងកាយ F-22 មួយនេះ មានទម្ងន់រហូតដល់ទៅជាង ៣១តោន និងមានប្រវែងបណ្ដោយ ៣០ម៉ែត្រ ហើយប្រតិបត្តិការនៅរយៈកម្ពស់ ២៤,៣០០ម៉ែត្រឯណោះ ។
លក្ខណៈពិសេសរបស់យន្តហោះគ្មានមនុស្សបើក SR-72 Blackbird គឺអាចហោះហើរក្នុងល្បឿន ៧,៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្មានអាវុធណាមួយអាចបាញ់ទម្លាក់វាបានឡើយ ដោយសារតែយន្តហោះ SR-72 Blackbird ជាប្រភេទយន្តហោះចម្បាំងបំពាក់ដោយ ប្រព័ន្ធប្រឆាំងនឹងការ វាយប្រហារពី សត្រូវតាមប្រព័ន្ធផ្កាយរណប។
សារព័ត៌មាន Global Defense News បានចុះផ្សាយថា កំពូលយន្តហោះស៊ើបការណ៍ដែលមានល្បឿនលឿនបំផុតនៅលើពិភពលោកមួយនេះក៏មានសមត្ថភាពវាយប្រហារគោលដៅលើទ្វីបណាមួយក្នុងរយៈពេលត្រឹម ១ ម៉ោងប៉ុណ្ណោះ ប្រសិនបើវាបំពាក់ដោយកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង HSSW ៕
ប្រែសម្រួល ៖ សុខ ជីវ័ន្ត