ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី១០០% ទិញរថយន្តស៊េរីទំនើប

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត ។

កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះភាពជាដៃជាមួយ JETOUR Cambodia ដែលឥឡូវនេះពលរដ្ឋកម្ពុជាអាចក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃ ដោយមិនចាំបាច់ត្រូវចំណាយសាច់ប្រាក់ផ្ទាល់ខ្លួនទាំងស្រុង ឬចំណាយប្រាក់កក់មុនឡើយ។”
លោក ហោ ប៊ុនថែ បានបន្តថា៖ “ជាមួយការគាំទ្រហិរញ្ញវត្ថុពីធនាគារ វីង យើងអាចជួយឱ្យពួកគាត់ប្រែក្លាយក្តីសុបិនទៅជាការពិត ដោយទទួលបាននូវរថយន្តផ្ទាល់ខ្លួនមួយសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវភាពរីករាយ និងស្នាមញញឹមជាមួយក្រុមគ្រួសារក្នុងធ្វើដំណើរកម្សាន្តនានាផងដែរ។”

តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ វីង ដែលមានភាពងាយស្រួល នឹងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការវាយតំលៃរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទាន រថយន្តនេះ គឺមានភាពបត់បែនខ្ពស់ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ ១០០ ភាគរយ នៃតម្លៃរថយន្ត ជាមួយនឹងការសងត្រលប់មានរយៈពេលរហូតដល់ ៨៤ខែ។

លោកអ៊ឹង មុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការ នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានថ្លែងថា៖ “ យើងខ្ញុំជឿជាក់ថារថយន្ត មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរតែមួយប៉ុណ្ណោះទេចំពោះអតិថិជនយុគសម័យថ្មីនេះ តែអ្វីដែលអតិថិជនរំពឹងចង់បាននោះគឺ ការបង្កើនភាពងាយស្រួល ការបំពាក់បច្ចេកវិទ្យាជំនួយបើកបរ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងការបង្កើតពេលវេលាដ៏រំភើបរាល់ពេលធ្វើដំណើរជារៀងរាល់ថ្ងៃ ហើយ JETOUR គឺមាននូវអ្វីគ្រប់យ៉ាងទាំងអស់ដែលអតិថិជនចង់បាន។ តាមរយៈភាពជាដៃគូនេះជាមួយធនាគារវីង នឹងបើកទ្វារឈានទៅរកឪកាសថ្មីៗសម្រាប់ក្រុមហ៊ុនទាំងពីរ តាមរយៈការរួមបញ្ចូលគ្នានូវភាពខ្លាំង និងគុណសម្បត្តិរបស់ស្ថាប័នទាំង២ យើងអាចផ្តល់នូវដំណោះស្រាយ និងការគាំទ្រហិរញ្ញវត្ថុ ប្រកបដោយភាពឆ្នៃប្រឌិត ដល់អតិថិជន និងចុងក្រោយរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។ ”

ធនាគារ វីង គឺជាគ្រឹះស្ថានធនាគារដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប ហើយបានវិវឌ្ឍខ្លួនក្លាយជាធនាគារឌីជីថលយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេល ១៦ឆ្នាំនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ធនាគារ វីង បានក្លាយជាធនាគារលំដាប់កំពូលទាំង១០ ទៅលើប្រាក់បញ្ញើ ឈរលើលំដាប់ទី១១ លើទ្រព្យសកម្មសរុប និងទី១៦ទៅលើប្រាក់កម្ចី។

ចំណែកឯ JETOUR Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR និងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍ជាង ២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពី កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារទំនើបបែបសហគមន៍ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner