ឯកឧត្តម នេត្រ ភក្ត្រា៖ សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងបានដាក់ចុះវិធានការនានាដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ
«សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយកង្វល់ទាំងនេះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅក្រុងក្រចេះក្នុងឱកាសចូលរួមជាអធិបតីបើកកម្មវិធីផ្តល់សេវាប្រឹក្សានិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង៥០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចំពោះសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រគល់កៅអីដកធ្មេញចល័តចំនួន២គ្រឿងដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ការពិនិត្យព្យាបាលបានចាប់ផ្តើមនៅវេលាម៉ោង៨:៣០នាទ៏ រហូតដល់ម៉ោង១២:០០នាទី ក្រោមបរិយាកាសស្និទ្ធស្នាលនិងទិដ្ឋភាពសកម្មសស្រាក់សស្រាំ ទទួលបានលទ្ធផលដូចតទៅ៖ ពិនិត្យព្យាបាលជំងឺទូទៅបាន.១៩៧នាក់ ស្រី១២៧នាក់ ពិនិត្យព្យាបាលជំងឺកុមារបាន ៧០នាក់ ស្រី ៣៦នាក់ ពិគ្រោះនិងវះកាត់តូចបាន២១នាក់ ស្រី ៨នាក់ ពិនិត្យអេកូស្ត្រីផ្ទៃពោះ១១នាក់ ដកធ្មេញបាន ៦៥នាក់. ស្រី ៣៤នាក់
វាស់ភ្នែកចែកជូនវ៉ែនតាបាន ២០៣នាក់ ស្រី. ១២០នាក់។ សរុបរួម. ៥៦៧នាក់. ស្រី៣៣៦នាក់។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមហ៊ុនឱសថ ម្ចាស់បរិក្ខារពេទ្យដែលបានចូលរួមឧបត្ថម្ភក្នុងសកម្មភាពមនុស្សធម៌នេះដើម្បីក្រុមការងារគ្រូពេទ្យស្មគ្រចិត្តមានលទ្ធភាពពិនិត្យព្យាបាល។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មានរួមនឹងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលដែលបានខិតខំប្រឹងប្រឹងប្រែងដើម្បីផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ឡុង ដេវីត