នីតីវិធីចងក្រង និងកែសម្រួលកម្មវិធីសិក្សាលម្អិត សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាព នឹងជួយឱ្យគរុនិស្សិតទទួលបាននូវសមត្ថភាពគ្រប់គ្រាន់
ភ្នំពេញ៖ អ្នកគ្រូ ប៉ាន សុភ័ក្ក គ្រូឧទ្ទេស វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលទទួលបានការបណ្តុះបណ្តាលផ្នែក syllabusពីប្រទេសជប៉ុន បានថ្លែងថា គ្រូឧទ្ទេស ដែលចេះចងក្រងកម្មវិធីសិក្សាលម្អិត នឹងជួយឱ្យគាត់មានមូលដ្ឋានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀន ត្រូវតាមទិសដៅរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលនឹងផ្ទេរចំណេះដឹងទៅកាន់គរុនិស្សិតប្រកបដោយគុណភាពហើយ គរុនិស្សិតនឹងនាំយកចំណេះដឹងទៅបង្រៀនដើម្បីចែករំលែកដល់សិស្សបន្តនៅតាមសាលារៀនប្រកបដោយគុណភាព។
ការថ្លែងលើកឡើងរបស់អ្នកគ្រូឧទ្ទេសរូបនេះ បានធ្វើឡើងក្រោយបញ្ចប់វគ្គសិក្ខាសាលា វគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ និងកីឡា ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
អ្នកគ្រូ ប៉ាន សុភ័ក្ក បានថ្លែងបញ្ជាក់ទៀតថា syllabus គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រូឧទ្ទេស ព្រោះគ្រូចាំបាច់ត្រូវតែមានមេរៀនពង្រៀងទុកសម្រាប់បង្រៀន ហើយក្នុងនោះសៀវសិក្សាគោលរបស់គ្រូតាមមុខវិជ្ជានីមួយៗដែលចងក្រងជាកម្មវិធីបង្រៀនច្បាស់លាស់ ។ ប្រសិនបើករណីគរុនិស្សិតចាប់មិនទាន់នៃការបង្រៀនរបស់គ្រូនោះ គរុនិស្សិតអាចរៀនតាមក្រោយបាន ។
លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានគូសបញ្ជាក់ដែរថា កិច្ចសហការរួមគ្នា បង្កើតសិក្ខាសាលានេះឡើង មានគោលបំណងចម្បង គឺពង្រឹងគុណភាពគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឈានទៅការបង្រៀនមួយដែលប្រកបដោយគុណភាពឆ្លើយតបទៅនិងកម្រិតស្តង់ដារបង្រៀនថ្នាក់បរិញ្ញាបត្រ ខណៈដែលពេលខាងមុខវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានិងប្រែក្លាយជាគ្រឹះស្ថានឧត្តមសិក្សា ។
លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល៣ថ្ងៃដែលមានការចែករំលែក ដោយគ្រូឧទ្ទេសទទួលបានការបណ្តុះបណ្តាលផ្នែក syllabusពីប្រទេសជប៉ុន នឹងជួយឱ្យគ្រូឧទ្ទេសទាំងអស់ទទួលបានចំណេះដឹងយកទៅអនុវត្តក្នុងការបង្រៀនគរុនិស្សិតប្រកបដោយភាពជោគជ័យ។
ឯកឧត្តម ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងពីសំណាក់គ្រូឧទ្ទេសតាមរយៈសិក្ខាសាលារយៈពេល៣ថ្ងៃនេះ។
ឯកឧត្តម សង្ឈឹមខ្ពស់ថា ការចែករំលែកពីគ្រូឧទ្ទេសមានបទពិសោធន៍ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីប្រទេសជប៉ុននេះ និងជួយផ្តល់នូវពុទ្ធិថ្មីៗផ្នែកsyllabus ជួយឱ្យគ្រូឧទ្ទេសកាន់តែមានគុណភាពចែករំលែកទៅកាន់គរុនិស្សិតប្រកបដោយវិជ្ជាជីវៈ ហើយគរុនិស្សិតដែលជាគ្រូអប់រំកាយ និងកីឡានាំយកចំណេះជំនាញផ្តល់ជូនសិស្សនៅតាមសាលារៀនប្រកបដោយស្តង់ដារកីឡាជំនាន់ថ្មី។
សូមជម្រាបថា វគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយនិងកីឡា មានសិក្ខាកាមដែលជាគ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចូលរួមចំនួន៤៣នាក់ ដំណើរការរយៈពេល៣ថ្ងៃ សិក្សាអំពីការចងក្រង និងកែសម្រួលកម្មវិធីសិក្សាលម្អិត (syllabus)កម្មវិធីបង្រៀន និងផែនការអភិវឌ្ឍនសៀវភៅគោល៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធ