ប្រាក់រង្វាន់គុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេច ធបតី មិនខ្ពស់ក៏មិនទៀបពេកអាចឱ្យម្ចាស់ជ័យលាភីពេញចិត្ត
ភ្នំពេញ៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេច ធបតី ហ៊ុន ម៉ាណែត លើកទី១ គ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៤ នៅក្នុងវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងគូសញ្ជាក់ថា ការប្រកួតនេះបានរៀបចំឡើង ដើម្បីចូលរួមការពារ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរយើង។
ឯកឧត្តម បានពន្យល់ថា ការប្រកួតនេះ បានរៀបចំឡើងផ្តោតលើការយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមរបស់យុទ្ធគុនទាំងអស់មានល្បុក្កតោ យុទ្ធគុនខម គុនចម្រុះខ្មែរ និងគុនខ្មែរ ដោយមិនសំដៅលើលាភសក្ការៈនោះឡើយ។ ប៉ុន្តែនៅក្នុងនោះ សម្រាប់ម្ចាស់ជ័យលាភីតាមវិញ្ញាសានីមួយៗ គឺទទួលបានប្រាក់រង្វាន់មិនខ្ពស់ពេកហើយក៏មិនទៀបពេក ផ្តល់ជូនសមរម្យអាចទទួលយកបាន។
ឯកឧត្តម អះអាងថា ពានរង្វាន់សម្តេច ធិបតីលើកទី១នេះ បានបង្កើតឡើង ដើម្បីបង្រួបបង្រួមក្បាច់គុនខ្មែរ និងផ្សព្វផ្សាយពីយុទ្ធគុនខ្មែរដែលមានក្បាច់គុនខ្លះស្ទើតែបាត់បង់ និងបានគាស់រំលើងមកវិញ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ការប្រកួតពានរង្វាន់សម្តេច ធិបតីនេះ មិនមានកាយវិការណាមួយបង្ហាញចេញនូវផលប្រយោជន៍លាភសក្ការៈនោះទេ ពោលគឺរៀបចំដើម្បីបំផុសយុទ្ធគុនខ្មែរ។ដូច្នោះហើយ សូមបណ្តាក្លិបទាំងអស់បញ្ជូនកីឡាករកីឡាការិនីចូលរួមប្រកួតឱ្យបានច្រើន ប្រកួតដើម្បីមុខមាត់ជាតិ និងមុខមាត់របស់ខ្លួនឯង ព្រោះនេះ ជាការប្រកួតអាចរាប់បញ្ចូលបានជាការប្រកួតលំដាប់ប្រទេស។
ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់កីឡាករកីឡាការិនីដែលគ្មានក្លិបក៏អាចចូលរួមប្រកួតបានដែរ ដោយដាក់ពាក្យតាម ការផ្សព្វផ្សាយ និងមកដាក់ពាក្យដោយផ្ទាល់នូវអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម បានអំពាវនាវ ឱ្យកីឡាករកីឡាការិនីល្បីៗនិងខ្លាំងៗសូមដាក់ពាក្យចូលរួមប្រកួតឱ្យបានច្រើនកុះករ ព្រោះនេះជាការប្រកួតមួយដ៏ធំសម្រាប់ពានរង្វាន់នៅកម្ពុជា ។ការចូលរួមគឺជាការលើកស្ទួយគុនយុទ្ធគុនខ្មែរ និងបង្ហាញពីស្មារតីជាតនិយម គោរពស្រលាញ់ និងចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍយុទ្ធគុនចម្រុះខ្មែរបុរាណ៕
រូបភាព ៖ ជាវ ចន្ធូ