មហោស្រពភាពយន្តកម្ពុជាអាស៊ី នឹងរួមចំណែកលើកកម្ពស់វិស័យភាពយន្តរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ី
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងចាត់ទុកកម្មវិធី មហោស្រពភាពយន្តកម្ពុជាអាស៊ី ជាវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះ នៃសិល្បៈវប្បធម៌ តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។ សកម្មភាពនេះ ក៏បានរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេស ក្នុង វិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ ។
នេះជាការលើកឡើងរបស់ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីចែក ពានរង្វាន់ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២ នៅប៉េងហួត Grand Hall នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះ លោក Malcolm Clarke ប្រធានមេប្រយោគ នៃមហោស្រព ភាពយន្ត កម្ពុជាអាស៊ី បានបង្ហាញអារម្មណ៍ រីករាយ ដែលបានចូលរួមក្នុងកម្មវិធី មហោស្រពភាព យន្ត កម្ពុជាអាស៊ី លើកទី២ (The 2nd Cambodia Asian Film Festival) ហើយ លោកក៏ចង់ឱ្យពិភពលោក បានយល់ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី ។
លោកថា មហោស្រពភាពយន្តកម្ពុជាអាស៊ី ពីមុនមក គេមិនដែលសូវស្គាល់នោះទេ ។ ប៉ុន្តែបន្ទាប់ពី បានរៀបចំព្រឹត្តិការណ៍លើកទី១ និងលើកទី២ នាពេលនេះ ប្រទេសនៅ ប៉ែកអឺរ៉ុប ចាប់ផ្ដើមស្គាល់ពី Cambodia Asian Film Festival ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបានបញ្ជាក់ថា ភាពយន្តរបស់ខ្មែរ មានគុណភាពខ្ពស់ ។ ដូច្នេះព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រទេសចិន ចាប់អារម្មណ៍ជាងគេ ។ លោកថា ដោយសារប្រទេសចិន គឺជាទីផ្សារធំ នៅពេលដែលភាពយន្តខ្មែរ វាយលុកទីផ្សារប្រទេសចិនមួយបាន នោះអាស៊ីទាំងមូល គឺនឹងអាចយល់ដឹងអំពីភាពយន្តរបស់ខ្មែរ ។
ឯកឧត្តម សោម សុគន្ធ បានមានប្រសាសន៍ថា កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានផលិតករភាពយន្ត សិល្បករ សិល្បការិនីជាតិ អន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ ដើម្បីជាសក្ខីភាពក្នុងការប្រគល់ពានរង្វាន់ ជូនដល់ផលិតករ សិល្បករ សិល្បការិនី ព្រមទាំងអ្នកបច្ចេកទេសផ្សេងៗទៀតក្នុងវិស័យភាពយន្តដែលមានទេពកោលសល្យឆ្នើម ប្រកបដោយភាពច្នៃប្រឌិតក្នុង អាជីពរបស់ខ្លួន ។
ឯកឧត្តមរដ្ឋលេខាធិការ សូមអបអរសាទរចំពោះផលិតករ សិល្បករ សិល្បការិនី និងអ្នកដែលមានអាជីព ក្នុងវិស័យភាពយន្តទាំងអស់ ដែលនឹងទទួលបានពានរង្វាន់ ក្នុងមហោស្រពនាឆ្នាំនេះ ហើយក៏អរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំកម្មវិធី ពិសេស គណៈកម្មការរៀបចំ មហោស្រពភាពយន្តកម្ពុជាអាស៊ី ។
ឯកឧត្តមក៏បានថ្លែងចាត់ទុកការរៀបចំកម្មវិធីនាពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ជាពិសេស លើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តរបស់យើង ៕
ដោយ៖ វណ្ណលុក













