ឡានធ្លាក់ជ្រោះ ស្លាប់មនុស្ស ២៤នាក់ នៅប៉ាគីស្ថាន
បរទេស៖ មនុស្សទាំង២៤នាក់ នៅលើឡានក្រុងមួយគ្រឿង បានស្លាប់ទាំងអស់ ក្រោយពេលរថយន្តមួយគ្រឿងនេះ ត្រូវបានបើក ធ្លាក់ជ្រោះមួយកន្លែង នៅចំណុចរវាងខេត្ត Punjab ប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា «សាកសពខ្លះ ត្រូវបានគៀបជាប់ នៅនឹងកន្លែងអង្គុយ ដែលធ្វើឱ្យក្រុមសង្គ្រោះ ពិបាក ក្នុងការទាញចេញមកក្រៅ។ មានអ្នកភូមិប្រហែល ២០នាក់ បានជួយទាញសាកសពមនុស្ស មុនពេលមន្ត្រីជំនាញ មកដល់»។
យ៉ាងណាមិញ មូលហេតុពិតប្រាកដ មិនទាន់ត្រូវបានប្រាប់ឲ្យដឹង នៅឡើយទេ។ ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍ដែលមានអ្នកស្លាប់ច្រើន គឺកើតមាន ជាញឹកញាប់ នៅក្នុងប្រទេសប៉ាគីស្ថាន ដោយគេជឿថា វិធានការសុវត្ថិភាពមានភាពធូររលុង, ការបណ្តុះបណ្តាលអ្នកបើកបរនៅមានកម្រិត និង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មិនសូវមានគុណភាពល្អ សុទ្ធតែជាកត្តានាំឲ្យមានគ្រោះថ្នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត