ពុទ្ធបដិមាកម្ពស់ប្រាំបួនម៉ែត្រ ធ្វើអំពីស្ពាន់នៅលើខ្នងភ្នំដងរែក ប្រារព្ធ​ពិធីពុទ្ធាអភិសេក

បន្ទាយមានជ័យ៖ពុទ្ធបដិមាមួយអង្គធ្វើអំពីស្ពាន់មានកម្ពស់​ប្រាំបួន​ម៉ែត្រនៅលើខ្នងភ្នំដងរែក ក្នុងវត្តគិរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីពុទ្ធាភិសេកនៅ​ចុង​សប្ដាហ៍នេះក្រោមអធិបតី​ភាពឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ។

ព្រះខេមញាណ រេន ស៊ីណាត លេខាធិការសាលាអនុគណស្រុកថ្មពួក ជាចៅអធិការវត្តថ្មរមៀល មានសង្ឃដីការំលឹកពីប្រវត្តិ វត្តគិរីរុក្ខារាម​ថ្មរមៀល។អារាមមួយនេះពីដើមឡើយជាអាស្រម។នៅឆ្នាំ២០១០​មកដល់ឆ្នាំ២០២៣បានក្លាយជាវត្តមួយពេញលេញ។វត្តគិរីរុក្ខារាម​ថ្មរមៀល ស្ថិតលើខ្នងភ្នំដងរែក ព្រំដែនកម្ពុជា-ថៃ ។ព្រះពុទ្ធអង្គធំ ដែលកំពុងប្រារព្វពិធីពុទ្ធាភិសេក នេះសាងពីលោហធាតុស្ពាន់សុទ្ធទម្ងន់​ប្រាំពីរតោន,មានកម្ពស់ប្រាំបួនម៉ែត្រ,ឥរិយាបថគង់ឈរអភ័យដល់សព្វសត្វលោក។បើគិតចាប់ពីផ្ទៃដីក្រោមឡើងទៅមានកម្ពស់២១ ម៉ែត្រ ។ពុទ្ធបដិមានេះសាងតាមរចនាបថខ្មែរដែលផ្ដួចផ្ដើមកសាងដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ។

លោក អែម សុខា អភិបាលស្រុកថ្មពួក បានបញ្ជាក់ថា ការកសាង​ពុទ្ធបដិមានៅលើខ្នងភ្នំដងរែក នៃកំណាត់ខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ នៃភាគពាយ័ព្យប្រទេសដើម្បីលើកស្ទួយតម្លៃវប្បធម៌ព្រះពុទ្ធសាសនា។ចំណែកទីតាំងវត្តគិរីរុក្ខារាមថ្មរមៀល ពី អតីកាលជាចម្ការមីនហើយក៏​ជា​សមរភូមិកំឡុងសង្រ្គាមផ្ទៃក្នុង៕


ដោយ៖គៀន ច័ន្ទហ៊ីន

ads banner