ឯកឧត្តម យី វាសនា នាំយកថវិកាឧបត្ថម្ភរបស់សម្តេចធិបតី ជូនដល់ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតប៉ារ៉ាឡាំពិកទីក្រុងប៉ារីស
(ភ្នំពេញ)៖ កីឡាករ កីឡាការិនីមានពិការភាពបានមកជួបជុំគ្នា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងជូនដំណើរដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភលើកទឹកចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា មុនចេញដំណើរទៅចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស មានប្រសាសន៍ថា ថ្ងៃនេះ ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងនឹងត្រូវចាកចេញពីមាតុប្រទេស នៅវេលាម៉ោង ៨យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសបារំាង ដោយពិធីបើកប៉ារ៉ាឡាំពិកនឹងត្រូវបើកជាផ្លូវការ នាថ្ងៃទី២៨ ខែសីហា និងពិធីបិទ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម យី វាសនា គូសបញ្ជាក់បែបនេះថា ៖«នៅពេលខ្ញុំបានដាក់លិខិតគោរពជម្រាបលាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហើយបើទោះបីជាសម្តេចមានការងារមញាញឹកយ៉ាងណាក្តី ក៏សម្តេចយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ហើយសម្តេចទាំងទ្វេរតែងតែផ្តល់កម្លាំងចិត្តជាមួយកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាផងដែរ» ។
«ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ សរុបទាំង៤នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារ ដោយប្រតិភូយើងទៅក្នុងនាមតំណាងប្រជាពលរដ្ឋទាំង១៧លាននាក់។ ដូច្នេះកិត្តិយសជាតិ ទង់ជាតិកម្ពុជានឹងត្រូវបង្អូតឡើងស្មើមុខស្មើមាត់ក្នុងចំណោមបណ្តាប្រទេសនានាជុំវិញពិភពលោក ចំនួន១៧៩ប្រទេស ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ ដែលប្រទេសបារាំងទទួលធ្វើម្ចាស់ផ្ទះ។ ក្នុងនាមប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់អត្តពលិកមានពិការភាព និងបងប្អូនមានពិការភាពទូទាំងប្រទេស»។
ជាមួយគ្នានេះ កីឡាករ វ៉ាន វ៉ុន ដែលជាបេក្ខភាពតែម្នាក់គត់ ដែលនឹងចូលរួមប្រកួតលើប្រភេទកីឡា អត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ កម្រិតពិការ T54 បានលើកឡើងដែរថា ក្នុងនាមជាតំណាងនៃកីឡាជនពិការកម្ពុជានឹងព្យាយាមប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីថែរក្សាសិទ្ធផលចាស់ ឬអាចបំបែកកំណត់ត្រាថ្មីខ្លួនឯង ក្នុងព្រឹត្តិការណ៍កីឡាកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តង នៅប្រទេសបារាំង ឆ្នាំ២០២៤នេះ។
ជម្រើសជាតិផ្នែកពិការភាពរូបនេះបន្ថែមថា ៖«ក្នុងនាមខ្ញុំជាតំណាងឱ្យកម្ពុជាទាំងមូល ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យបានល្អបំផុត ដើម្បីឱ្យពិភពលោកឃើញថា កម្ពុជាយើងក៏មានកីឡាករដែលមានសមត្ថភាពទៅចូលរួមប្រកួតក្នុងហ្គេម កម្រិតពិភពលោក។ ក្នុងប៉ារ៉ាឡាំពិកកម្រិតពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ ខ្ញុំធ្លាប់ចូលប្រកួត២លើករួចមកហើយ គឺប៉ារ៉ាឡាំពិក ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ហើយប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤នេះ គឺជាការចូលរួមប្រកួតលើកទី៣របស់ខ្ញុំ ដោយខ្ញុំនឹងប្រែងប្រែងឱ្យអស់ពីសមត្ថភាព និងរក្សាឱ្យបាននូវកិត្តិយសជាតិផងដែរ»។
បើទោះបីជាបច្ចុប្បន្ន កីឡាករ វ៉ាន វ៉ុន មានអាយុ ៣៨ឆ្នាំទៅហើយក្តី ប៉ុន្តែក្តីប្រាថ្នាធំរបស់ លោក វ៉ាន វ៉ុន គឺចង់ចូលរួមប្រកួតប៉ារ៉ាឡាំពិក នៅសហរដ្ឋអាមេរិក នាឆ្នាំ២០២៨ ម្តងទៀត ៕
អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ មឿង ចំរ៉ុង