ព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី អំពាវនាវឱ្យជនរួមជាតិថែរក្សាការពារសន្តិភាព កុំធ្វើឱ្យជាតិបែកបាក់ ដោយជឿការញុះញង់
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្តបានអញ្ជើញគារវកិច្ចនិងអមដំណើរ នៃការ និមន្តមកដល់របស់ព្រះធម្មវនរាសីបណ្ឌិត ចន្ទ មុនី នៅក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង ដើម្បីសម្តែងធម្មទាន និងជួប សំណេះសំណាលជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និង មន្ត្រីរាជការ នៅ វត្តអូរជុំ ឧត្តមសាមគ្គី ហៅវត្តគីឡូ១៣ ក្នុងស្រុកសំពៅលូនកាលពីថ្ងៃទី ២៤-២៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងដំណើរនិមន្តនេះដែរព្រះអង្គ ចន្ទ មុនី បាននិមន្តទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិដូងនៃស្រុកកំរៀងនិងបន្តបង្គោលឡាក់ព្រំដែនលេខ៥៤ ស្ថិតនៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឈមនឹងស្រុកប៉ូងណាំរ៉ង ប្រទេសថៃ។
នៅក្នុងវត្តអូរជុំឧត្តមសាមគ្គី ហៅវត្តគីឡូ១៣ ព្រះធម្មវនរាសីបណ្ឌិត ចន្ទ មុនី បានសម្តែងនូវធម្មទានជូនប្រជាពុទ្ធ បរិស័ទប្រមាណជាងពីរម៉ឺននាក់។ព្រះធម្មវនរាសីបណ្ឌិតបានមានថេរដីកាអំពាវដល់បងប្អូនជនរួមជាតិទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា។ត្រូវចេះស្រឡាញ់គ្នានាំគ្នាថែរក្សាបាវចនារបស់ជាតិឱ្យគង់វង់ថ្កុំថ្កើងរុងរឿងកុំធ្វើឱ្យជាតិយើង បែកបាក់វិលទៅរកសង្គ្រាម ។កុំបន្តជឿលង់ដោយការញុះញង់ ធ្វើឱ្យជាតិបែកបាក់ទៀត។
ព្រះអង្គបានរំលឹកថា ប្រទេសជាតិដ៏កម្សត់របស់យើង ធ្លាប់បានឆ្លងកាត់អតីតកាល ដ៏ជូរចត់និងសង្គ្រាមវិនាសកម្មជាច្រើន ទសវត្សមកហើយ ដូចនេះកុំនាំគ្នាបង្កចលាចលធ្វើឱ្យប្រទេសជាតិហិនហោច ដោយសារការញុះញង់ជឿលង់តាមជនបរទេស
ឬបុគ្គលដែលនាំឱ្យជាតិយើងវឹកវរបែកបាក់គ្នា៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប