ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញពិនិត្យតម្រាយ​ផ្លូវទឹក​គម្រោង​ផ្លូវ​នាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក​ជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ពិសេស ដើម្បី​ជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ កាលពី​ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤​បាន​អម​ដំណើរឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងតម្រាយ​ផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់​ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធ​ជាច្រើន​រូប។

ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គោលបំណង​នៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីក​ហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែល​មានតាំង​ពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោង​ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។

គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួម​ស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹង​អង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំ​ប្រទល់​កម្ពុជា-វៀតណាម។គណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោង​សាង​សង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជា​ផ្នែកមួយក្នុង​ចំណោម​ទ្វារទឹកចំនួន៣។

ក្រសួងសាធារណការបន្ថែមថា បេសកកម្មនេះធ្វើឡើងដើម្បីបញ្ជាក់ឱ្យ​បានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីក​ហ្វូណនតេជោ​ពិតជាធ្វើ​តាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើន​ទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្ត​គ្រោង​ឱ្យបានលឿន​ទៅមុខ និងទាន់ពេលវេលា។

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ​លើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និងផ្លូវសមុទ្រ និងបង្កើនអធិបតេយ្យភាពការដឹកជញ្ជូន​តាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយ ពេលវេលា ចម្ងាយ ថវិកា នីតិវិធី​សម្រាប់នាវានិងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើនល្បឿន​នៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្ម​ដឹកជញ្ជូន​ផ្លូវទឹក​តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយ ដឹកជញ្ជូន កាត់បន្ថយ​ការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវថ្នល់។ ព្រែកជីកនេះបានប្រារព្ធពិធីបើកការដ្ឋានសាង​​​សង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ព្រែកជីកនេះ​មានប្រវែង១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់
ខេត្តចំនួនបួន​​​គឺ ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប៕


ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner