មន្រ្តីនាំពាក្យក្រសួងបរិស្ថាន៖ ១ឆ្នាំកន្លងមក ក្រសួងបរិស្ថាន បានបំផុសផ្នត់គំនិត «ពន្លកបៃតង» សំដៅការអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)ក្នុងរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន បានពង្រឹងខ្លាំងក្លាលើការគ្រប់គ្រធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការ អភិវឌ្ឍ ដោយចីរភាព តាមការចង្អុលបង្ហាញ ពីសម្តេចមហាបវររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តី​នាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សរសរស្តមទី២ នៃយុទ្ធសាស្រ្តចក្រាគឺ «ភាពបៃតង» ដែលសំដៅដល់ការការពារនិងអភិរក្សដើមឈើនិងព្រៃឈើ សម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សជាតិ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងពេលកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដូចខាងក្រោម៖

-ទី១-សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែង ជនប្រព្រឹត្តបទល្មើស។

  • ទី២ក្រសួងបរិស្ថាន បាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងបានចែកផែនទីតំបន់ការពារធម្មជាតិជូនអាជ្ញាធរថ្នាក់ក្រោមជាតិ។ ចែកផែនទីផ្កាយរណបនៅពេលត្រូវធ្វើការអន្តរាគមន៍និងផ្ទៀងផ្ទាត់ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។
  • ទី៣ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
  • ទី៤ ជំរុញការដាំដើមឈើឲ្យច្រើន ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងបន្ថែមថា តាមរយៈយុទ្ធនាការ«ពន្លកបៃតង» ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ បានដាក់​ចេញយុទ្ធនាការ ផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំជូនប្រជា​ពលរដ្ឋ​ដាំនៅកម្ពុជា។ ក្នុងនោះដែរ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» បានប្រារព្ធធ្វើ ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការ​ផ្សព្វផ្សាយ និងចែកកូនឈើសរុបចំនួន១លាន៣សែន ដើម ក្នុងនោះមានកូនត្នោតចំនួន​ជាង៣សែនដើម ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន បានចែកជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។

អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបន្ថែមថា សាធារណជនគ្រប់ភាគីពាក់ព័ន្ធ បានចូល​រួម​យុទ្ធនាការ «ពន្លកបៃតង» នៅគ្រប់ទីកន្លែងទូទាំងប្រទេស លើកកម្ពស់ការយល់ដឹង​និងដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួម​អភិរក្ស​ជីវៈចម្រុះ ក្នុងគោលបំណងចម្បង គឺលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាំពលរដ្ឋ​នៅ​តាម​តំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈទេសចរ អ្នកវិនិ​យោគជាតិនិងអន្តរជាតិ ដែលនិយមនិងស្រឡាញ់ធនធានធម្មជាតិ។ បន្ថែមពីនេះទៀត ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមក្នុងយុទ្ធនាការ ដែល​រៀបចំឡើងដោយក្រសួងបរិស្ថានដើម្បីភាពស្អាត ភាពបៃតង ដល់ប្រទេសជាតិយើង។

ក្នុងរយៈពេល១កន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ផុសគំនិតឱ្យដាំត្នោត​ជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា។ កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានៅថ្ងៃខាងមុខនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសផ្តល់​ជូនកូន​ត្នោតចំនួនជាង៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀត​ណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែ​កញ្ញា​ឆ្នាំ២០២៤ ខាងមុខ និងជំរុញការបណ្តុះកូនត្នោតឱ្យបានច្រើន ដើម្បីចែកជូនប្រជា​ពលរដ្ឋ​ដំាជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។

សូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជារុក្ខាជាតិ គឺប្រភេទដើមឈើនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ដើមត្នោត បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់ប្រជា​ពល​រដ្ឋ​កម្ពុជា​គ្រប់រូប ដូចជា ផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់​នៅប្រចាំថ្ងៃ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner