កាណាដាដាក់ពន្ធ ១០០ភាគរយលើឡានអគ្គិសនីចិន
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ កាលពីថ្ងៃចន្ទ បានប្រកាសនឹងយកពន្ធ ១០០ភាគរយលើឡានអគ្គិសនី ដែលនាំចូលពីប្រទេសចិន ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សារព័ត៌មានបារាំង AFP។
ក្រៅពីដាក់ពន្ធលើឡានអគ្គិសនី កាណាដាក៏បានប្រកាសដាក់បន្ថែមពន្ធចំនួន ២៥ភាគរយ លើដែក និងអាលុយមីញ៉ូមនាំចូលពីប្រទេសចិនផងដែរ ចាប់ពីថ្ងៃទី១៥ ខែតុលាតទៅ។
បន្ថែមលើនេះ កាណាដាក៏កំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមលើបន្ទះឈីប និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ពីប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ជាការឆ្លើយតប ចិនបានរិះគន់ខ្លាំងៗលើកាណាដា ហើយបានព្រមានថា វិធានការនេះនឹងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកាណាដា។
ចិនជាដៃគូពាណិជ្ជកម្មធំទី២ របស់កាណាដា បន្ទាប់ពីសហរដ្ឋអាមេរិក។ តួយ៉ាង កាណាដាបាននាំចូលឡានពីចិនកើនឡើង ៤៦០ភាគរយ នៅឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា