សិក្ខាកាមជានគរបាលចំនួន១៩២នាក់ បានបញ្ចប់វគ្ដបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាលប្រកបដោយជោគជ័យ
វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី២ និងការប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ដល់សិស្សនាយនគរបាល និងបាយនគរបាលរង ដែលត្រូវបានជ្រើសរើសថ្មី សម្រាប់ឆ្នាំ២០១៩ ត្រូវបានបញ្ចប់វគ្គនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលាភូមិភាគ៣ ខេត្តកំពង់ស្ពឺ ក្រោមវត្តមានចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក។
លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសិស្សចំនួន១៩២នាក់ (ស្រី៣៩នាក់)។ សិស្សជ័យលាភីទាំងអស់ ត្រូវទទួលបានវិញ្ញាបនបត្រសិក្សា និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ តាមនីតិវិធីជាធរមាន។ ដោយឡែក អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សា មិនត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌក្នុងពេលនេះទេ ត្រូវរងចាំតាំងស៊ប់នៅពេលក្រោយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខប្រឹងប្រែងការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋានបុគ្គលិក សាលានគរបាលជាតិភូមិភាគបី និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំចាត់ចែងឲ្យវគ្គបណ្តុះបណ្តាលនេះ ដំណើរការបានល្អ និងសម្រេចបានជោគជ័យតាមផែនការកំណត់។
ដើម្បីសម្រេចនូវគោលនយោបាយតម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល និងដោយស្ថានភាពនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិមិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃបានដាក់ចេញ នូវផែនការប្រចាំឆ្នាំ ក្នុងការជ្រើសរើសមន្រ្តីនគរបាលថ្មី ដើម្បីបំពេញបន្ថែម និងបន្តវេន និងធានាបាននូវនិរន្ត៍ភាពនៃរដ្ឋបាលសាធារណៈ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ។
ឯកឧត្តម បានគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាលគ្រប់កម្រិត ពីព្រោះក្រសួងត្រូវការមន្រ្តីនគរបាលដែលមានសមត្ថភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ ឯកឧត្តម ប៉ែន វិបុល ក៏បានផ្តាំផ្ញើដល់សាលានគរបាលភូមិភាគ៣ ឲ្យបន្តអនុវត្តកម្មវិធីកំណែទម្រង់ដែលមានស្រាប់ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងផ្តល់អនុសាសន៍ដល់សិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាព និងមនុស្សទូទៅក្នុងសង្គម គោរពសីលធម៌វិជ្ជាជីៈ មានស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ គោរពប្រតិបត្តិការច្បាប់ និងត្រូវមានអាកិប្បកិរិយាល្អ ទាំងក្នុងការងារ និងការរស់នៅក្នុងសង្គម៕ធ.ដ