សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយដល់គ្រូ និងកុមារីរងគ្រោះនៅអង្គការ អាហ្វេស៊ីប ទុំឌី
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដានីតិសម្បទាយុវនារី អាហ្វេស៊ីបទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ24 សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនាមសម្ដេចទាំងពីរក៏ដូចជា សមាគមជាតិកាកបាទក្រហមកម្ពុជា សម្តេចបានសម្តែងនូវការអាណិតអាសូរយ៉ាងខ្លាំង ចំពោះកូនៗចៅៗទាំងអស់ ជាពិសេស ការលំបាករបស់កូនៗចៅៗ ដែលត្រូវបានផ្លាស់ប្ដូរកន្លែងស្នាក់នៅ ហើយសង្ឃឹមថា មិនយូរប៉ុន្មានទេ កន្លែងដែលបានកំពុងសាងសង់នោះ នឹងឆាប់រួចរាល់ និងបានវិលទៅរស់នៅដោយសុខស្រួល។ សម្ដេចថា កូនៗចៅៗរស់នៅសុវត្ថិភាពក៏អាស្រ័យដោយការខិតខំរបស់លោកគ្រូ អ្នកគ្រូ និងការគ្រប់គ្រងរបស់លោកស្រី ម៉ម សូម៉ាលី ពិសេស គឺការគិតគូរយកទៅដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងមន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុក។
ជាងនេះទៀត សម្ដេច ក៏បានអរគុណដល់ជនបរទេសមកពីហូលីវូដ ដែលបានចូលរួមជួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដានីតិសម្បទាយុវនារី អាហ្វេស៊ីបទុំឌី នេះ។ ក្នុងបញ្ហាភាពរងគ្រោះនេះ សម្ដេចមានប្រសាសន៍ថា យើងមិនបន្ទោសសង្គមទេ ប៉ុន្តែយើងសួរថា តើអ្នកណាបង្កើតសង្គម គឺយើងទាំងអស់គ្នានេះហើយដែលបង្កើតសង្គម ដែលយើងតែងតែមានបញ្ហាដូចជា ចោរកម្មលួច ប្លន់គ្រឿងញៀន ដែលតម្រូវឲ្យយើងទាំងអស់គ្នា ខិតខំចូលរួមអប់រំ ទប់ស្កាត់ ជាពិសេស ដូចជា បញ្ហាគ្រឿងញៀនដោយសម្ដេចបានអំពាវនាវឲ្យអាជ្ញាធរយកចិត្តទុកដាក់បន្ថែមទៀត។
ជាពិសេស រាជធានីភ្នំពេញ នៅតាមបណ្ដារង្គសាលកម្សាន្តសប្បាយផ្សេងៗ ដើម្បីកុំឲ្យសង្គមរបស់យើងកើតមានអំពើរំលោភ កាប់សម្លាប់ដែលបន្សល់នូវជនរងគ្រោះកុមាររងគ្រោះដូចមាននៅចំពោះមុខនេះ។ ទោះជាយ៉ាងណា យើងមិនអាចជៀសផុតនោះទេ តែយើងត្រូវរួមគ្នាទប់ស្កាត់កុំឲ្យវារីករាលដាល។
សម្ដេចបានមានប្រសាសន៍បន្តថា កូនៗឥឡូវនេះមានពន្លឺរស្មីឡើងវិញហើយ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ចំពោះកូនៗចៅៗ ហើយសម្តេចបានមានប្រសាសន៍ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមបណ្ដាខេត្តក្រុងទាំងអស់ ក៏បានយកចិត្តទុកដាក់ ជាពិសេសគឺលោកតា ហ៊ុន សែន បានយកចិត្តទុកដាក់ដល់កូនៗចៅៗដែលទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនរៀលក្នុង១ខែ ដែលជាប្រាក់បន្ថែមទៅលើការផ្គត់ផ្គង់ចិញ្ចឹម សិក្សារៀនសូត្រ ស្នាក់នៅក្នុងមណ្ឌលអាហ្វេស៊ីបនេះ។
សូមបញ្ជាក់ថា អង្គការ អាហ្វេស៊ីប ទុំឌី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី ដែលខ្លួនគាត់ផ្ទាល់ ធ្លាប់ស្គាល់ធ្លាប់ជាអតីតជនរងគ្រោះដោយការជួញដូរ និងបៀតបៀនផ្លូវភេទ ក្នុងចក្ខុវិស័យជួយយុវនារី និងកុមារីរងគ្រោះ ងាយរងគ្រោះដោយការកេងប្រវ័ញ្ច ជួញដូរ និងរំលោភបំពានផ្លូវភេទ ដើម្បីឲ្យគាត់ជាសះស្បើយឡើងវិញ ដោយទទួលបានការអប់រំបណ្ដុះបណ្ដាល នឹងធ្វើសមាហរណកម្មពួកគាត់ទេក្នុងសង្គមវិញប្រកបដោយឯករាជ្យ និងនិរន្តរភាពផ្នែកហិរញ្ញវត្ថុ។
ចាប់តាំងពីខែមីនា ឆ្នាំ២០១៩នមក អង្គការ អាហ្វេស៊ីប បានទទួលយុវនារីរងគ្រោះថ្មីចំនួន៩នាក់ ចូលមកស្នាក់នៅបន្ថែម ដើម្បីទទួលសេវាកម្មគាំពារ ទទួលការអប់រំ និងមានយុវនារីចំនួន២១នាក់ បានបញ្ជូនត្រលប់ទៅរស់នៅជាមួយក្រុមគ្រួសារគាត់វិញ ដើម្បីបន្តការសិក្សានៅតាមសហគមន៍ ដោយមានការបន្តជួយឧបត្ថម្ភពីអង្គការអាហ្វេស៊ីបដដែល។ ថ្ងៃនេះ មានយុវនារីសរុបចំនួន ៧៧នាក់ កំពុងស្នាក់នៅ និងទទួលការថែទាំនៅក្នុងមណ្ឌលអាហ្វេស៊ីបទុំឌី។ ក្រោមការជួយឧបត្ថម្ភពី រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន យុវនារីនៃអង្គការអាហ្វេស៊ីប បានទទួលទានអាហារហូបចុកឆ្ងាញ់ៗទាំង៣ពេល មានសម្លៀកបំពាក់ ឯកសណ្ឋាន និងសម្ភារសិក្សាគ្រប់គ្រាន់។
ថវិកាប្រចាំខែដែលសម្តេចតេជោ បានផ្តល់ជូនយុវនារី៨៩នាក់ ពិតជាមានន័យសម្រាប់ជីវិតរបស់ពួកគាត់ណាស់ ថវិកាមួយចំនួនគាត់បានសន្សំទុក ថវិកាមួយចំនួនគាត់បានទិញនាឡិកាដៃ ចិញ្ជៀនមាស ខ្សែដៃពាក់ ជាពិសេស គាត់បានយកថវិកាមួយចំនួនជូនឪពុកម្តាយ និងក្រុមគ្រួសារគាត់ ដើម្បីធ្វើបុណ្យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃជាតិកន្លងមកនេះ ហើយនេះជាក្តីស្រមៃរបស់កូនៗចៅៗដើម្បីសងគុណពុកម៉ែ ដោយមិនស្មានថា សម្តេចបានធ្វើឱ្យក្តីស្រមៃរបស់ពួកគាត់ក្លាយជាការពិត។
វីរភាពគំរូរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជំរុញឲ្យបងប្អូនប្រជាជនខ្មែរជាច្រើនបានយកគំរូតាម ថ្មីៗនេះ មានបងប្អូនប្រជាជនខ្មែរជាច្រើន បានមកសួរសុខទុក្ខ និងផ្តល់ក្តីស្រឡាញ់ដល់កូនៗក្នុងមណ្ឌលអាហ្វេស៊ីបទុំឌី នេះផងដែរ។ តាងនាមឲ្យកូនៗ ចៅៗ និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីប លោកស្រី ម៉ម សុម៉ាលី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្រាប់មហាកិត្តិយសនៅថ្ងៃនេះ និងការស្រឡាញ់យកចិត្តទុកដាក់ចំពោះអង្គការអាហ្វេស៊ីបកន្លងមក។
អំណោយដែលផ្តល់ជូនសម្រាប់១១១នាក់ ក្នុងនោះមានក្មេងសិស្ស ៧៧នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល បុគ្គលិកគ្រូ៣១នាក់ ម្នាក់ៗ ១០ម៉ឺនរៀល ក្រុមមកពីហូលីវូដ ៣នាក់ ម្នាក់ៗទទួលបានក្រមា១ កន្លះខ្ទាស់អាវស្លឹកមាសសញ្ញាកាកបាទក្រហមកម្ពុជា១គ្រឿង ជូនមជ្ឈមណ្ឌលអាហ្វេស៊ីប ទុំឌី រួមមានផ្លែឈើ ភេសជ្ជៈ និងថវិកា៥លានរៀល និងរៀបចំម្ហូបអាហារ១៥តុ ដែលចំណាយថវិកាសរុប ចំនួន៧,៧៦៥ដុល្លារអាម៉េរិក៕ធ.ដ