មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍននឹងជួយលើការអភិវឌ្ឍជនបទនៅកម្ពុជា
ឯកឧត្តម វ៉ាង ហួរ អគ្គលេខាធិការរងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បានចូលជួប សម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ កាលពីព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្ត្រី និងពិភាក្សាការងារស្តីពីការអភិវឌ្ឍជនបទ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តម វ៉ាង ហួរ មានប្រសាសន៏ថា មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ មាននៅជាង២០ប្រទេសលើសកលលោក ហើយគោលដៅចម្បងរបស់មូលនិធិ គឺការអភិវឌ្ឍជនបទ និងការ បណ្តុះបណ្តាលធនធានមនុស្ស សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ថ្មីៗនេះ មូលធិនិនេះ បានផ្តល់អណ្តូងទឹកចំនួន២០០អណ្តូង នៅខេត្តតាកែវ និងសាងសង់សាលារៀនមួយចំនួន នៅខេត្តកំពង់ធំ។
ឯកឧត្តមបន្ថែមថា កម្ពុជា-ចិន មានទិសដៅដូចគ្នា គឺបាញ់ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្ន ចិនមានប្រជាជនជាង២០លាននាក់កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ ហើយចិននឹងលុបបំបាត់ភាពក្រីក្រនេះឲ្យអស់នៅត្រឹមឆ្នាំ២០២០។ ឯកឧត្តមបញ្ជាក់ថា សមេ្តចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីន គឺជាមិត្តល្អ និងស្និទ្ធស្នាលនឹងគ្នា។ ដូច្នេះ ទាំងរដ្ឋាភិបាល សង្គមស៊ីវិល អ្នកវិនិយោគ និងប្រជាជនចិន សុទ្ធតែតាំងចិត្តខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិដូចគ្នា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់ផ្នែក គ្រប់វិស័យ រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងរង្វង់៧% ក្នុង១ឆ្នាំ រយៈពេលជាងពីរទស្សវត្សរកន្លងមកនេះ។ ឯកឧត្តមបន្តថា ចិន-កម្ពុជា បានក្លាយជាមិត្តដែកថែម និងឈានដល់កិច្ចសហប្រតិបត្តិការជាយុទ្ឋសាស្ត្រសព្វជ្រុងជ្រោយ។
ឯកឧត្តម សង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងណែនាំដល់មន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន និងត្រូវជួយសម្រួលដល់ការវិនិយោគនានារបស់វិនិយោគិនចិននៅកម្ពុជា។ ពិសេសត្រូវផ្តោតការសំខាន់ទៅលើយុទ្ធសាស្រ្តផ្លូវសូត្រ និងគោលនយោបាយខ្សែរក្រវាត់១ ផ្លូវ១របស់ចិន ព្រោះវាមានទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បញ្ជាក់ថា ចិនមានការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងបានដើរតួនាទីកាន់តែសំខាន់ក្នុងការសម្របសម្រួលទាំងថ្នាក់តំបន់ និងសាកលលោក សំដៅគោរពសិទ្ធិស្វ័យភាព និងផលប្រយោជន៍រួមរបស់មនុស្សជាតិលើសកលលោក។ ជាពិសេស តាមរយៈគោលនយោបាយផ្លូវ១ខ្សែក្រវាត់១ ដែលមានប្រទេសចូលរួមជាង១៥០ ធ្វើឲ្យទំនាក់ទំនង និងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មជាអន្តរជាតិពីតំបន់មួយទៅតំបន់មួយកាន់តែទូលំទូលាយ ឆាប់រហ័ស បម្រើឲ្យផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
ឯកឧត្តម បញ្ចាក់បន្ថែមថា ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឲ្យប្រទេសជាច្រើនជួបនូវគ្រោះរាំងស្ងួត ក្នុងនោះ កម្ពុជាក៏ជួបប្រទះផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះ ការផ្តល់អណ្តូងទឹកដល់ប្រជាពលរដ្ឋនៅតាមជនបទ របស់មូល-និធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ គឺពិតជាមានសារសំខាន់ និងផ្តល់ប្រយោជន៍យ៉ាងច្រើន ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យមូលនិធិនេះ បន្ត និងពង្រីកវិសាលភាពជួយដល់ប្រជាជនកម្ពុជាតាមទីជនបទបន្ថែមទៀតឲ្យបានគ្រប់ទីកន្លែងដែលនៅខ្វះខាត។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង ហួរ បានព្រមទទួលយកនូវសំណើរបស់ឯកឧត្តមឧបនាយករដ្ឋ មន្ត្រី ដោយក្តីរីករាយ និងសន្យាថា នឹងពង្រីកសកម្មភាពនៃគម្រោងរបស់មូលនិធិឲ្យបានកាន់តែច្រើន និងសកម្មថែមទៀតនៅកម្ពុជា រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ៕ធ.ដ