កុមារកំព្រា ២៤នាក់ ទទួលបានការពិនិត្យឈាម និងចាក់វ៉ាក់សាំង ការពារជំងឺរលាកថ្លើម ប្រភេទ បេ
កំពង់ចាមៈកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះសង្កាត់សំបួរមាសក្រុងកំពង់ចាម បាននាំយកវ៉ាក់សាំងការពារជំងឺរលាកថ្លើម ប្រភេទ បេ(B )និងពិនិត្យឈាមជូនកុមារកំព្រាអាយុ ក្រោម ១១ឆ្នាំ នៅមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ។
លោកស្រី ប៉ាង ដានី មានប្រសាសន៍ថា ជំងឺរលាកថ្លើមប្រភេទ B អាចបណ្តាលឲ្យប៉ះពាល់ថ្លើមរយៈពេលវែង ឬមហារីកថ្លើមដល់មនុស្ស ជាពិសេសកុមារ ។ដូចនេះ ដើម្បីការពារសុខភាពរបស់កុមារនាពេលអនាគត ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមឲ្យបានគ្រប់ៗគ្នា ជាពិសេសកុមារតូចៗ អាយុក្រោម ១១ឆ្នាំ ។
លោកស្រីន ប៉ាង ដានី បានថ្លែងអំណរគុណ ចំពោះ លោក ប៊ុត សុផល និងលោកស្រីនសូរ ស្រីមុំ ព្រមទាំងសប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែក ជួយដល់សង្គម ជាពិសេស ការទិញវ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទB សម្រាប់ចាក់ដល់ក្មួយៗកុមារទាំង ២៤នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រា នាពេលនេះ ។
តាមរបាយការណ៍របស់ លោក នៅ វណ្ណៈ នាយកមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ឲ្យដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌល មានកុមារកំព្រា ចំនួន ៦៤នាក់ (ស្រី ២៩នាក់) មាន១២នាក់ បុគ្គលិក ១២នាក់ ក្នុងនោះ មានម៉ែដោះចំនួន ៥នាក់ ជាអ្នកគ្រប់គ្រង និងមើលថែក្មេងៗ ជារៀងរាល់ថ្ងៃ ៕
ដោយៈលីពៅ