ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ មហាគ្រួសារកីឡាការ៉ាតេកម្ពុជា ទទួលបានលទ្ធផលល្អជាផ្លែផ្កា គួរជាទីមោទនៈ ដែលបានកើតចេញពីឯកភាព និង សាមគ្គីភាពផ្ទៃក្នុង​ដ៏រឹងមាំ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានគូសបញ្ជាក់ថា លទ្ធផលល្អជាផ្លែផ្កានានាគួរជាទីមោទនៈកន្លងមកបានកើត​ចេញពីការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការដឹកនាំ និងការគ្រប់​គ្រង​ប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា គួបផ្សំនឹងកិច្ចសហការយ៉ាងស្អិតរមួត ក្នុងចំណោមមហាគ្រួសារកីឡាការ៉ាតេកម្ពុជា។

នេះជាការលើកឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ ២០២៤-២០២៨របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ទៀតថា ការតស៊ូព្យាយាម និងភាពអត់ធ្មត់ ដោយលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលា តាមរយៈការប្រឹង​ប្រែង​ហ្វឹកហាត់ជាប្រចាំរបស់កីឡាករ កីឡាការិនី ក្រោមការយកចិត្តទុកដាក់របស់គ្រូបង្វឹក​បានធ្វើឱ្យកម្រិតគុណផលកីឡា ព្រមទាំងកម្រិតបច្ចេកទេសជំនាញទាំង Kata និង Kumite ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាលទ្ធផល កម្ពុជាអាចដណ្តើមមេដាយជាច្រើន ក្នុងការប្រកួតកីឡាការ៉ាតេអន្តរជាតិ, ជាពិសេស ចំនួនមេដាយក្នុងការប្រកួតកីឡា SEA Games, លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្ត។

នេះអាចចាត់ទុកជារបត់ប្រែប្រួលដ៏ធំមួយ មិនធ្លាប់មាន នៅក្នុងប្រវត្តិនៃវិស័យ​កីឡា​ការ៉ាតេកម្ពុជា។ ជាងនេះទៀត ឯកឧត្តមប្រធានសហព័ន្ធសង្កេតឃើញថា ចលនាកីឡា​ការ៉ាតេ ក្នុងសង្គម ក៏មានការរីកចម្រើនយ៉ាងរហ័សផងដែរ ដោយសិស្សគុនទូទាំង​ប្រទេស បច្ចុប្បន្នមានចំនួនរហូតដល់ ៨៨៥នាក់។

ស្របពេលដែលយើងកំពុងអបអរសាទរចំពោះសមិទ្ធផលនានា យើងក៏ត្រូវបន្តគិតគូរ អំពីទិសដៅទៅអនាគត នៃការរីកលូតលាស់នៃកីឡាការ៉ាតេរបស់កម្ពុជាផងដែរ។ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមយល់ឃើញថា កិច្ចការនេះទាមទានូវការយកចិត្ត​ទុកដាក់ខ្ពស់ ជាពិសេស ការចូលរួមប្រកបដោយឆន្ទៈ និងស្មារតីបុរេសកម្មពីគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីរូបខ្ញុំផ្ទាល់ រហូតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែម។

សម្រាប់អាណត្តិថ្មី ឆ្នាំ២០២៤-២០២៨​ ឯកឧត្តមប្រធានសហព័ន្ធបានស្នើភាគីពាក់ព័ន្ធ​ទាំងអស់ផ្តោត​ការយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ក្នុងការលើកកម្ពស់ ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា(Karate for all) តាមរយៈ ការបំផុសចលនាយុវជន និងមហាជនឱ្យចូលរួមហាត់ និងលេងកីឡា ជាការកម្សាន្តសប្បាយ និងដើម្បី​សុខភាព​ឱ្យបានកាន់តែច្រើនកុះករ ក្នុងនោះ សហព័ន្ធអាចបង្កើត «ទិវាការ៉ាតេជាតិ» (National Karate Day) ជារៀងរាល់ឆ្នាំ នៅតាមទីធ្លាសាធារណៈណាមួយ ក្នុងរាជធានីភ្នំពេញ ឬខេត្តគោលដៅ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឱ្យបន្តការអភិវឌ្ឍបច្ចេកទេស​ជំនាញ តាមរយៈការបន្តពង្រឹងការហាត់ហ្វឹកហ្វឺនជំនាញ ដោយរៀបចំនូវសិក្ខាសាលា​ការ៉ាតេ សម្រាប់គ្រូបង្វឹកជំនាញ និងអាជ្ញាកណ្តាល ឬ ចៅក្រម ឱ្យបានដល់គ្រូបង្វឹក​ទាំងអស់ នៅតាមគ្រប់ក្លឹប ជាសមាជិកនៃសហព័ន្ធ។ ការបន្តការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំលក្ខណៈសម្បត្តិទ្រទ្រង់ សម្រាប់គ្រប់ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ពិសេសជាមួយគ្រូបង្វឹកបរទេស ព្រមទាំងកៀរគរចំណូលបន្ថែមសម្រាប់ «មូលនិធិការ៉ាតេ» ផងដែរ។

គួរបញ្ជាក់ថា មហាសន្និបាតបានប្រកាសនូវសមាសភាពសមាជិកគណៈកម្មាធិការ​ប្រតិបត្តិ​​សហព័ន្ធអាណត្តិថ្មី ២០២៤-២០២៨ តាមរយៈការបោះឆ្នោត ដោយមាន​សមាជិកចំនួន ២៣រូប ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជាប់ឆ្នោត បន្តដឹកនាំជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៧រូប ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner