អាជីវករ មន្ត្រីរាជការ អាជ្ញាធរ ខេត្តកំពតរីករាយចូលរួមបរិច្ចាគក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
កំពត៖ អាជីវករ មន្រ្តីរាជការ អាជ្ញាធរក្នុងខេត្តកំពត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជ ឡាវ វៀតណាម (CLV-DTA) និងបង្ហាញពីក្តីរីករាយចូលរួមបរិច្ចាគថវិកាសម្រាប់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន របស់រាជរដ្ឋាភិបាល ទៅតាមលទ្ធភាពរបស់ខ្លួនមាន។
អាជីវករលក់ដូរក្នុងផ្សារទីរួមស្រុកទឹកឈូ បាននិយាយថា ពួកគាត់គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ CLV) ហើយក៏ចង់ទៅមើលដោយផ្ទាល់ដែរ ពេលបានដឹងថាសម្តេចធិបតីហ៊ុន ម៉ាណែត ផ្តល់កញ្ចប់ទស្សនាចរទៅកាន់ខេត្ត៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញាទៅ។ ចំពោះមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន របស់រាជរដ្ឋាភិបាលវិញ អាជីវករយល់ថាសំខាន់ណាស់ គ្រប់គ្នាជាពលរដ្ឋខ្មែរដែលស្រឡាញ់ទឹកដី ត្រូវតែចូលរួម ទោះតិចឬច្រើនក្តីទៅតាមលទ្ធភាព និងធនធានរៀងៗខ្លួន។
អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ដែរថា ទាំងរូបលោក និងប្រជាពលរដ្ឋ រំភើបរីករាយ និងគាំទ្រនូវរាល់គម្រោងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ CLV របស់រាជរដ្ឋាភិបាល។ដោយឡែកប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅស្រុកទឺកឈូ ក៏ដូចខេត្តកំពតទាំងមូល រីករាយគាំទ្រ និងចូលរួមឧបត្ថម្ភ បរិច្ចាគថវិកាតាមការស្ម័គ្រចិត្តយ៉ាងផុលផុសជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលនាពេលថ្មីៗនេះ បានប្រកាសរៀបចំកញ្ចប់ទស្សនាជូនពលរដ្ឋដោយឥតគិតថ្លៃ ទៅកាន់ខេត្ត៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍មានខេត្ត ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង នៅរាល់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះដែររាជរដ្ឋាភិបាលក៏បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីឱ្យពលរដ្ឋទាំងអ្នកគាំទ្រ និងមិនគាំទ្រ បានចូលរួម និងបានទៅមើលដោយផ្ទាល់ភ្នែក ថាតើរាជរដ្ឋាភិបាលបាន និងកំពុងធ្វើអ្វីខ្លះនៅខេត្តទាំង៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍៕
អត្ថបទនិងរូបភាព៖ សិលា សារិន