ប្រធានបណ្ដាញសហគ្រិនស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា អញ្ជើញចូលរួមវេទិកាស្រ្តីពិភពលោក

ភ្នំពេញ៖លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិន ស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា ដោយ​បាន​ទទួល​ការ​អញ្ជើញពី International Trade Center និង SheTrades Initiative និងឯកឧត្តម យុនិគេង ការុសាក់ ប្រធានាធិបតី​នៃ​ប្រទេស​ម៉ុងហ្គោលី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម ក្នុងកម្មវិធី វេទិកាស្រ្តីពិភពលោក ( World Women’s Forum) នាទីក្រុង អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។សមាសភាពគណៈប្រតិភូមាន លោកស្រី ឡា សុភ័ក្រ ដែលជា Focal Point នៃបណ្ដាញ​សហគ្រិន​ស្រ្តីអាស៊ាន​ប្រចាំប្រទេសកម្ពុជា លោក ជិន ថូមីត និងកញ្ញា គង់ សុខគាង ជាទីប្រឹក្សាផ្ទាល់របស់លោកជំទាវបណ្ឌិត អេង លីគង់។

កម្មវិធីវេទិកាស្រ្តីពិភពលោកបានប្រព្រឹត្តទៅពីថ្ងៃទៅ២០ ដល់ ទី២៥ ខែសីហា ឆ្នាំ២០២៤។ គឺជាកម្មវិធីអន្តរជាតិដ៏ធំមួយ ដែល​មានការ​ចូលរួមពីសំណាក់មេដឹកនាំពិភពលោកជាច្រើនដូចជា ប្រធានា ធិបតី​ប្រទេសម៉ុងហ្គោលីជាម្ចាស់ផ្ទះ ,ប្រធានាធិបតី​ប្រទេស​ស្លូវេនី, តំណាង​របស់អ្នកស្រី កាមេឡា ហារីស អនុប្រធានាធិបតីនៃសហរដ្ឋ អាមេរិក អគ្គលេខាធិការរងនៃ​អង្គការ​សហប្រជាជាតិ ព្រមទាំងថ្នាក់ដឹក នាំ​កំពូលៗ​មកពីប្រទេសចំនួន១៩ផ្សេងទៀត។

ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មេដឹកនាំស្រី្តឆ្នើមនៃប្រទេសកម្ពុជា លោកជំទាវបណ្ឌិត អេង លីគង់ ត្រូវបានអញ្ជើញជាវាគ្មិន​កិត្តិយស ចូលរួមក្នុងការជជែកពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំស្រ្តីកំពូលៗ ដែលមកពីបណ្ដាស្ថាប័នរដ្ឋ និងស្ថាប័នឯកជន​ធំៗផ្សេងៗ​ទៀត ដោយផ្ដោតសំខាន់ទៅលើប្រធានបទស្ដីអំពី ស្រ្តីនៅក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល។

ក្រៅពីការចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ លោកជំទាវបណ្ឌិត​ក៏ទទួល​ការអញ្ជើញ​ពីឯកឧត្តម​ប្រធានាធិបតី​ប្រទេស​ម៉ុងហ្គោលី ចូលរួម ពិសាអាហារការងារជាមួយនឹងបណ្ដាថ្នាក់ដឹកនាំនៃប្រទេស និង​ស្ថាប័នអន្តរជាតិផ្សេងៗជុំវិញពិភពលោក ក្នុងទិសដៅ​ជំរុញកិច្ច​សហប្រតិបត្តិការផ្នែកការទូតនិងពាណិជ្ជកម្មរវាងគ្នានឹងគ្នា ព្រមទាំង​ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល​នៃប្រទេស​កម្ពុជា​ក្នុងគោល​ដៅទាក់​ទាញការវិនិយោគទុនពីបរទេសមកកាន់កម្ពុជា។

នៅទីក្រុងអូឡង់បាទ័រដដែល លោកជំទាវបណ្ឌិត អេង លីគង់ បានបន្តដឹកនាំក្រុមការងារតំណាងប្រទេសកម្ពុជា ក្នុងការជជែក​ពិភាក្សា​ការងារជាមួយនឹង International Trade Center និង SheTrades Initiative ដើម្បីនាំយកមកនូវកម្មវិធីដ៏ធំមួយ​ទៀត​ដែលពាក់ព័ន្ធទៅនឹងការជំរុញឱ្យមានការផ្ដោះប្ដូរផ្នែកពាណិជ្ជកម្ម។ជាផ្លែផ្កាដែលកើតចេញពីកិច្ចពិភាក្សានេះគឺ International Trade Center និង SheTrades Initiative បានចូលរួមសហការឧបត្ថម្ភ ក្នុងការរៀបចំការតាំងពិព័រណ៍ធុរកិច្ចមួយ នៅប្រទេស​កម្ពុជាដែល កម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។

កម្មវិធីពិព័រណ៍ធុរកិច្ចនេះនឹងត្រូវរៀបចំឡើងដោយផ្ដោតសំខាន់ទៅលើវិស័យសិប្បកម្មដោយដៃ ហើយកម្មវិធីនេះក៏នឹងមានការចូល​រួមពី​សំណាក់អ្នកចូលរួម ពាណិជ្ជករ សិប្បករ សហគ្រិន ជាតិនិងអន្តរជាតិ ហើយក៏មានការចូលរួមពីអតិថិជន​ចំនួន១០ក្រុមហ៊ុន​ផ្សេងៗគ្នាមក ពីចក្រភពអង់គ្លេសផងដែរ។ជាពិសេស​ក្រុមហ៊ុន iDEN Agency ដែលមានលោក ជិន ថូមីត ជាស្ថាបនិក និងជា​អគ្គនាយកប្រតិបត្តិ ជាក្រុមហ៊ុនមកពីប្រទេសកម្ពុជាតែមួយគត់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក ជិន ថូមីត ក៏បានសាទរនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ក្រុមហ៊ុន iDEN Agencyនិងក្រុមហ៊ុន ​ខាងបូច​ខាស្មៀរ​​​​​​​(Khangbogd Cashmere) នៃប្រទេសម៉ុងហ្គោលី ដោយក្រុមហ៊ុន iDEN Agency ជាក្រុមហ៊ុនទី១ មកពីប្រទេស​កម្ពុជា​ដែលនឹងក្លាយជាដៃគូនៅក្នុងការ ផ្ដល់សេវាកម្មផ្នែកទីផ្សារ(Marketing) និងការអភិវឌ្ឍប្រេន (Branding) ទៅកាន់ក្រុមហ៊ុន ខាងបូច​​ខាស្មៀរ ។ នេះសបញ្ជាក់ឱ្យ ឃើញយ៉ាងច្បាស់ថា ក្រៅតែពីការចូលរួមតំណាងឱ្យប្រទេស កម្ពុជានៅ ក្នុងកម្មវិធីដ៏ធំមួយនេះ កម្មវិធីមួយនេះក៏ដើរតួនាទីយ៉ាងសំខាន់ ដែលជា កាតាលីករក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសកម្ពុជា និងក្រុមហ៊ុននៃប្រទេសម៉ុងហ្គោលី។

លោកជំទាវបណ្ឌិត អេង លីគង់ និងក្រុមការងារតំណាងប្រទេសកម្ពុជា​បានពិភាក្សាជាមួយ​នឹងរដ្ឋាភិបាលនៃប្រទេសម៉ុងហ្គោលី ដើម្បីបង្កើត ឱកាសការងារជូនដល់ពលរដ្ឋខ្មែរតាមរយៈតម្រូវការកម្លាំងពលកម្មនៅក្នុងរោងចក្រដែលស្ថិតនៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ ការជជែកនេះបានដំណើររួចទៅហើយ ហើយលោកជំទាវបណ្ឌិត អេង លីគង់ ក៏មានគោលបំណងក្នុងការបន្ត​កិច្ចសហការនេះបន្តទៀត ជាមួយនឹងដៃគូរោងចក្រដែលមានតម្រូវការកម្លាំងពលកម្មនៃប្រទេសម៉ុងហ្គោលី។ លោកជំទាវបណ្ឌិត អេង លីគង់ កំពុងរៀបចំដើម្បីជជែក ពិភាក្សាគ្នាជាមួយនឹងក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី អាចជំរុញឱ្យប្រទេសទាំងពីរគឺ កម្ពុជា និង ម៉ុងហ្គោលី មានកិច្ច សហ ប្រតិបត្តិការនេះកើតឡើង ដែលនឹងផ្ដល់ប្រយោជន៍ ជាពិសេសចំពោះ ប្រជាជនកម្ពុជាតាមរយៈ​ឱកាសការងារផ្នែកម្លាំង ពលកម្ម។

នៅប្រទេសម៉ុងហ្គោលីដដែល លោកជំទាវបណ្ឌិត អេង លីគង់ និង ក្រុមការងារតំណាងប្រទេសកម្ពុជា ក៏បានជជែកពិភាក្សា​ជាមួយ​នឹង MNCCI (Mongolian National Chamber of Commerce and Industry ) ក្នុងការបន្តកិច្ចសហប្រតិបត្តិទ្វេភាគីរវាង​ប្រទេសទាំងពីរ។ការងារទាំងអស់នេះគឺជាការចូលរួមចំណែកដ៏ធំមួយនៅក្នុងការលើកមុតមាត់និងកេរ្តិ៍ឈ្មោះនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំងទំនាក់ ទំនង​អន្តរជាតិផ្នែកពាណិជ្ជកម្ម និងការទូត។

កិច្ចការដ៏មានតម្លៃនិងប្រកបទៅដោយផ្លែផ្កាទាំងអស់នេះគឺកើតចេញពីការដឹកនាំរបស់លោកជំទាវបណ្ឌិត អេង លីគង់ ក្នុងនាមជា​ប្រធាន បណ្ដាញសហគ្រិនស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា ក្នុងការបំពេញបេសកម្មជួយលើកតម្កើង​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបទៅដោយ សន្តិភាព ចីរភាព និងភាពរុងរឿងថ្កើនថ្កាន៕
រូបភាពក្រុមហ៊ុន

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner