វិនិយោគិនចិនគ្រោងដាក់ទុន៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចម្អិនភីហ្សាសម្រាប់នាំចេញ
កំពង់ស្ពឺ៖វិនិយោគិនមកពីខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានទម្លាក់ទុនមួយផ្នែករួចហើយសម្រាប់ការសិក្សា ។ ក្រុមហ៊ុនក៏គ្រោងវិនិយោគលើទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីសាងសង់រោងចក្រផលិតឆ្នាំងចម្អិនភីហ្សា នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។នេះបើយោងតាមជំនួបពិភាក្សាការងារនៅសាលាខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អ្នកវិនិយោគនៃខេត្តជឺជាំងលោក XIA RUZHONG បានសម្រេចទម្លាក់ទុនដ៏ច្រើនខាងលើ បន្ទាប់ពីលោកបានចុះសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសវៀតណាមចំនួន៨លើក និងប្រទេសថៃចំនួន២លើក។ឯកឧត្តមបន្តថា ប្រទេសកម្ពុជាជាប្រទេសទីមួយនិងចុងក្រោយ ដែលលោក XIA RUZHONG បានមកដល់និងយល់ពីឱកាសវិនិយោគ ហើយការសម្រេចចិត្តធ្វើឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានមកដល់កម្ពុជា។វិនិយោគិនរូបនេះ និងក្រុមការងារបានសម្រេចទម្លាក់ទុននិងជ្រើសយកស្រុកសំរោងទងជាស្រុកគោលដៅ និងតាំងរោងចក្រផលិតតែម្តង ។
ក្នុងជំនួបដដែលនេះឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនដែលមានបំណងចង់បណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះផងដែរ ។
គួរជម្រាបថា គិតត្រឹមឆមាសទី១ឆ្នាំនេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០កំពុងដំណើរការថ្មី និងរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់ ។បច្ចុប្បន្នខេត្តមានរោងចក្រចំនួន៤២៣កន្លែង,សហគ្រាសធុនតូចនិងមធ្យមជិត១ ០០០កន្លែង ដោយមានកម្មករ កម្មការិនីជាង២សែននាក់កំពុងបំពេញការងារ។ក្នុងចំណោមរោងចក្រទាំងនោះមានវិនិយោគិនប្រមាណ៩០ភាគរយជាជនជាតិចិន៕
អត្ថបទនិងរូបភាព៖ ម៉ុន សំអាត