ខេត្តកំពត នាឡិកាកម្ពស់ ៣៥ម៉ែត្រ នឹងសាងសង់រួចរាល់ក្នុងថ្ងៃព្រហស្បតិ៍នេះ
កំពត៖សមិទ្ធផលទេសចរណ៍ថ្មីសន្លាងមួយបន្ថែមទៀត បន្ទាប់ពីឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ,ពេលនេះនាឡិកាធំហើយខ្ពស់ជាងគេក្នុងខេត្តកំពតក៏លេចចេញជារូបរាងដែរ។ នាឡិកានេះមានអង្កត់ផ្ចិតទំហំ ៩,៧ម៉ែត្រ និងកម្ពស់ ៣៥ម៉ែត្រ ត្រូវបានលើកបំពាក់មុខនាឡិកាហើយនៅព្រឹកព្រហស្បតិ៍ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត។
មន្ត្រីជំនាញបានអះអាងថា ស្ថាបត្យកម្មនាឡិកាធំហើយខ្ពស់ជាងគេនេះនឹងរួចរាល់នៅក្នុងថ្ងៃនេះ។ សមិទ្ធផលថ្មីនេះនឹងធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញទេសចរឱ្យមកកម្សាន្តក្នុងខេត្តឆ្នេរសមុទ្រមួយនេះកាន់តែច្រើន ។មន្រ្តីជំនាញបន្ថែមថាសំណង់នាឡិកានេះគឺជាសមិទ្ធផលទេសចរណ៍ឯក (Unique) ថ្មីមួយបន្ថែមទៀតរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល បន្ទាប់ពីរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ដែលបាននិងកំពុងមានភាពល្បីល្បាញ។
ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត, ខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ។ឯកឧត្តមអភិបាលខេត្តបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍមុនគេ។ បើតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តកាលពីពេលថ្មីៗនេះ នៅពេលខាងមុខខេត្តនឹងបង្កើតឱ្យមានឆ្នេរសមុទ្រកម្សាន្តមួយបន្ថែមទៀត ។ទន្ទឹមនេះដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ខេត្តគ្រោងនឹងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយទៀតផងដែរ៕
អត្ថបទនិងរូបភាព៖ សិលា សារិន