ប្រកួតមិត្តភាពទេសចរណ៍រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាតារាកម្ពុជា
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា កីឡានាំមកនូវសុខភាព ចំណងសាមគ្គីភាព និងកាយសម្បទាមាំមួន ។ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបើកការប្រកួតមិត្តភាព ទេសចរណ៍ រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំងនិងកីឡាបាល់ទាត់តារាកម្ពុជា ដឹកនាំដោយលោក ខេមមកពីរាជធានីភ្នំពេញ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៤ ។
ពិធីខាងលើបានប្រព្រឹត្តទៅក្រោមធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមទស្សនាពីមន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋជាអ្នកគាំទ្រយ៉ាងច្រើនកុះករ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបន្តថាការប្រកួតគ្នានៅរសៀលនេះគឺដើម្បីរឹតចំណងសាមគ្គីភាពរវាងក្រុមកីឡាករបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដឹកនាំដោយ លោកខេម ជាតារាចម្រៀងដ៏ល្បីមកពីរាជធានភ្នំពេញ ។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម សូមកោតសរសើរ ដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង ៣០០នាក់ ដែលបានធ្វើដំណើរទស្សនកិច្ចតាមបណ្ដាខេត្តភូមិភាគឦសាន កាលពីពេលថ្មីៗនេះ។ ដោយឡែកចូលរួមជាមួយ រាជរដ្ឋាភិបាល ស្ដីពីមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន ក្នុងនាមឯកឧត្តម អភិបាលខេត្ត សូមចូលរួមមូលនិធិនេះចំនួន ៨០លានរៀល។
សូមបញ្ជាក់ថាការប្រកួតមិត្តភាពទេសចរណ៍ រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំងជាមួយក្រុមតារាកម្ពុជា ដឹកនាំដោយលោកខេម មកពីរាជធានីភ្នំពេញជាលទ្ធផល ៣ ស្មើ ។អ្វីដែលជាការចាប់អារម្មណ៍ការប្រកួតបានស្ថិត ក្រោមតំណក់ភ្លៀង ។ ក្រុមកីឡាបាល់ទាត់វ័យចាស់ ខេត្តកំពង់ឆ្នាំង គេឃើញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ជាកីឡាករ ពាក់អាវលេខ៨៩និង អភិបាលក្រុង ស្រុក ជាច្រើនរូបទៀត ដែលសុទ្ធតែជាកីឡាករមិនសូវបានហ្វឹកហាត់។ ចំណែកក្រុមកីឡា តារាកម្ពុជា គេឃើញ លោក ខេម ពាក់អាវលេខ១០ និង លោក ប៊ីអាជី ពាក់អាវលេខ៩៩៩ ។នៅពេលដែលកីឡាករទាំងនោះទាត់បាល់ ឬ ពេលខ្លះរអិលដួលម្តងៗដែល ធ្វើឱ្យអ្នកទស្សនាសើចហ៊ោលើកទឹកចិត្តយ៉ាងកងរំពង៕
ដោយ៖សុខ គឹមសៀន