ក្រសួងបរិស្ថានបន្តជំរុញ «ពន្លកបៃតង» តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនិងជំរុញការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប និងមណ្ឌលគិរី និងដើម្បីផលិតកូនឈើចែកជូនដល់សាធារណជន ដោយឥតគិតថ្លៃ សម្រាប់យកទៅដាំ នៅតាមទីលំនៅដ្ឋាន ទីសាធារណៈ តំបន់សហគមន៍ និងតំបន់រេចរឹល ក្នុងតំបន់ការពារធម្មជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ចាក់បន្ថែមថា កន្លងមកនេះ ក្រសួងបរិស្ថានបានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ បានជាង១,៣លានដើម ហើយជាបន្តក្រសួងបរិស្ថាន នឹងបង្កើនការដាំដើមឈើ រួមទាំងដើមត្នោត ឱ្យបានច្រើនជាងការកាប់ ជារៀងរាល់ឆ្នាំ សំដៅសម្រេចបានគម្របព្រៃឈើ ៦០% នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅឆ្នាំក្រោយបន្តបន្ទាប់ទៀត ក្រសួងបរិស្ថានគ្រោងរៀបចំទិវាបរិស្ថានជាតិ ដើម្បីជំរុញយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» រៀបចំពិព័រណ៍ចែកកូនឈើថ្នាក់ជាតិ ឱ្យបានធំជាងមុន និងបង្កើតការប្រកួតប្រជែងដាំដើមឈើ និងថែទាំដើមឈើ ដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋឬសហគមន៍ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប(APP) ដែលអាចតាមដានការលូតលាស់ដើមឈើនីមួយៗរបស់ខ្លួន បានថែមទៀត ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិនរចនា










