ទឹកជំនន់ជន់លិចចំការផ្លែស្រកានាគរាប់រយហិកតានៅវៀតណាម
ហាណូយ៖ ទឹកជំនន់បានជន់លិចចម្ការផ្លែស្រកានាគរាប់រយហិកតានៅភាគខាងត្បូងប្រទេសវៀតណាម។
ទឹកជំនន់នៅក្នុងខេត្ត Binh Thuanមបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង និងការបង្ហូរទឹកចេញពីអាងស្តុកទឹកមួយ កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ។
អ្នកស្រុកបានប្រាប់កាសែតបារាំង AFP កាលពីថ្ងៃព្រហស្បតិ៍ថា ចម្ការផ្លែស្រកានាគរាប់រយហិកតានៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវទឹកជំនន់ជន់លិច ហើយអ្នកភូមិជាច្រើនគ្រួសារក៏ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងរត់រកទីទួលមានសុវត្ថិភាព។
ការនាំចេញផ្លែស្រកានាគរបស់វៀតណាម រកចំណូលបានដល់ទៅ ១,៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខេត្ត Binh Thuan ជាតំបន់ដែលមានផ្ទៃដីដាំដុះផ្លែស្រកានាគធំជាងគេរបស់វៀតណាម ដែលមានទំហំ២៨.០០០ហិកតា និងផលិតផ្លែឈើបាន៦០០.០០០តោនក្នុងមួយឆ្នាំ។
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម (GSO) បាននិយាយកាលពីចុងខែមុនថា នៅទូទាំងប្រទេសវៀតណាម មានលំនៅដ្ឋានជិត ២៩,០០០ខ្នងបានរងការខូចខាត និងដំណាំ ៩០,០០០ហិកតាត្រូវបានបំផ្លាញដោយសារទឹកជំនន់។
យោងតាមការិយាល័យ GSO បានឱ្យដឹងថា ទឹកជំនន់នៅវៀតណាម បានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៨៥លានដុល្លារក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
