នាយករដ្ឋមន្ត្រី ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដែលបានពលី នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ដែលបានពលី នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសហិង្សា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី បានចាត់ទុកមរណភាព លោកអនុសេនីយ៍ត្រី សៅ រក្សា ថា ជាការបាត់បង់មន្រ្តីនគរបាលដ៏អង់អាចក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមជាតិ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចធិបតី និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិទាំងអស់ និងសូមសម្តែងសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការ បាត់បង់កូនប្រុសដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូកតវេទិតាធម៌ ចំពោះជីដូនជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូន ជាទីស្រឡាញ់ទាំងអស់ ។
ជាមួយគ្នានេះ សម្តេចធិបតី និងភរិយា សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមរំលឹកថា មន្ត្រីនគរបាលដែលបាត់បង់ជីវិត មានឈ្មោះ សៅ រក្សា អាយុ២៩ឆ្នាំ ជាមន្ត្រីបុស្តិ៍នគរបាលបឹងកេងកង២ ត្រូវបានជនសង្ស័យម្នាក់ ចាក់សម្លាប់ ហើយដណ្ដើមកាំភ្លើងខ្លី បាញ់ស្រោចមកលើកងកម្លាំងសមត្ថកិច្ចជាច្រើនគ្រាប់ ទើបកងកម្លាំងបាញ់ការពារខ្លួន បណ្ដាលឲ្យជនសង្ស័យស្លាប់នៅនឹងកន្លែង ។ ជនសង្ស័យ មានវ័យប្រមាណ៣០ឆ្នាំ ធ្លាប់ចូលមណ្ឌលកែប្រែ និងធ្លាប់ជាប់ពន្ធនាគារ ផងដែរ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕
ដោយ ៖ វណ្ណលុក