អភិបាលរងខេត្តស្វាយរៀង ណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទាំង៨ បង្កើនការយកចិត្តទុកដាក់ជាប្រចាំ ពាក់ព័ន្ធការងារគ្រប់គ្រងគ្រោះមហន្តរាយ
(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិ ការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានថ្លែងណែនាំ ដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទាំង៨ បង្កើនការយកចិត្តទុកដាក់ជាប្រចាំពាក់ព័ន្ធ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចធ្វេសប្រហេសបាននោះឡើយ ។
ការថ្លែងណែនាំរបស់ លោក ម៉ែន អេង បែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ខណៈដែលតំណាងឯកឧត្តម អភិបាលខេត្តដឹកនាំកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព ត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់និងរាំងស្ងួតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនាសាលប្រជុំសាលាខេត្តស្វាយរៀង។
លោកបន្តថា ខេត្តស្វាយរៀងជាខេត្តមួយក្នុងចំណោម ២៥រាជធានី ខេត្ត ដែលធ្លាប់ទទួលរងគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិជាញឹកញាប់ បណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ទ្រពសម្បត្តិ ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ។
លោកបានបញ្ជាក់ថា កន្លងមកខេត្តស្វាយរៀង ធ្លាប់បាន ទទួល រង នូវគ្រោះមហន្តរាយ ធម្មជាតិដូចជា៖ ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ជីវិតមនុស្ស សត្វ និងដំណាំកសិកម្ម។ ជាក់ស្តែងក្នុងរយៈពេល៧រខែនៅឆ្នាំ២០២៤នេះ ខេត្តស្វាយរៀង បានជួបប្រទះគ្រោះមហន្តរាយដោយមានខ្យល់កន្ត្រាក់ កើតឡើង ១៦លើក បណ្តាលឲ្យប៉ះពាល់ផ្ទះ ៣១៦ខ្នង ក្នុងនោះរលំ ៦៥ខ្នងខូចខាតមធ្យម ៦៧ខ្នង ខូចតិចតួច ១៨៤ខ្នង ។ រន្ទះបាញ់ កើតឡើង១លើក បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ និងងាប់គោ១ក្បាល ។ សត្វល្អិតបំផ្លាញដំណាំស្រូវវស្សា ប៉ះពាល់ ៣៧ឃុំ-សង្កាត់ នៃស្រុក- ក្រុងចំនួន ៦រួមមាន ស្រុករំដួល ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងក្រុងស្វាយរៀង បណ្តាលឲ្យមានផលប៉ះពាល់ដំណាំស្រូវសរុប ៨២០៣ ហិកតា ក្នុងនោះ សង្គ្រោះបាន ៦៦៣៤ហិកតា ខូចខាត ៧៩៤ហិកតា និងស្តារឡើងវិញបាន ៤២៦ហិកតា ។ករណីអគ្គីភ័យកើតឡើង១៤លើក បណ្តាលឲ្យឆេះផ្ទះ ១៤ខ្នង និងស្លាប់មនុស្ស ២នាក់ ។ ករណីលង់ទឹកកើតឡើង ១១លើក បណ្តាលឲ្យស្លាប់មនុស្ស ១៤នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៣លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥៤នាក់ របួស ៨៤នាក់ ខូចរថយន្ត ៣៩គ្រឿង ម៉ូតូ ៨៦គ្រឿង ត្រាក់ទ័រ ១គ្រឿង និងកង់១គ្រឿង។
ជាមួយគ្នានេះ លោកបានបន្តថា ខេត្តស្វាយរៀង មានហានិភ័យនៃមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ប៉ុន្តែដោយផ្អែកលើ ធនធានមានកំណត់ យើងពុំអាចធ្វើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់បានគ្រប់មុខសញ្ញាគ្រោះថ្នាក់ នោះទេ គឺយើងជ្រើសរើសយកតែមុខសញ្ញាគ្រោះថ្នាក់អាទិភាពតែពីរប៉ុណ្ណោះ រួមមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត សម្រាប់ធ្វើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ ។ដោយផែនការ ត្រៀមបម្រុងនេះ ត្រូវការធាតុចូលជាចាំបាច់ពីលោក លោកស្រី ដើម្បីឲ្យផែនការនេះ អាចឆ្លើយតប សមស្របទៅនឹងគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ៕
ដោយ ៖ នុត នាង