សម្តេចតេជោ ហ៊ុន សែន ស្នើទូតអូស្ត្រាលីតែងតាំងថ្មី ខិតខំជំរុញអ្នកវិនិយោគអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន
(ភ្នំពេញ)៖ ក្នុងឱកាសអនុញាតិឱ្យចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ខិតខំជំរុញអ្នកវិនិយោគអូស្ត្រាលី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលមានវិស័យសក្តានុពលជាច្រើន ព្រោះវិស័យពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ របស់អូស្ត្រាលី គឺមានកម្រិតទាបនៅឡើយ ។
សម្តេចតេជោ បញ្ជាក់ថា សព្វថ្ងៃនេះ មានក្រុមហ៊ុនអូស្ត្រាលី កំពុងចម្រាញ់រ៉ែមាស នៅក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានដំណើរការល្អ។ សម្តេចបានប្រាប់ទៅអគ្គរាជទូតអូស្ត្រាលី ទៅទស្សនា ក្រុមហ៊ុនអូស្ត្រាលី នៅមណ្ឌលគិរី និងទស្សនាខេត្ត-ក្រុងកម្ពុជាទាំងអស់ ដោយសារតែពេលនេះ កម្ពុជា មានសន្តិភាព ហើយផ្លូវថ្នល់ក៏ល្អប្រសើរជាងមុនឆ្ងាយណាស់ និងមិនត្រូវស្ទាក់ស្ទើរក្នុងការជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ឬអាជ្ញាធរកម្ពុជាឡើយ ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនេះ ឱ្យបានធំ និងរឹងមាំ ដើម្បីធ្វើជាកំណល់ដល់ទំនាក់ទំនងនយោបាយដែលធំ និងរឹងមាំដូចគ្នា ។
ឯកឧត្តមអគ្គរាជទូតថា ប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើនជាមួយកម្ពុជា ហើយ ឯកឧត្តម សន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានអរគុណឯកឧត្តមអគ្គរាជទូត ចំពោះសេចក្តីរាយការណ៍ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី។ សម្តេចតេជោ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផល នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ទាំងកម្រិតទ្វេភាគី កម្រិតតំបន់ និង កម្រិតអាស៊ាន។
សម្តេចតេជោ បានរំលឹកថា ប្រទេសកម្ពុជា ចងចាំ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយប្រទេស អូស្ត្រាលី ដោយសារតែអូស្ត្រាលី គឺជាប្រទេសដែលទទួលស្គាល់ឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា មុន គេក្នុងឆ្នាំ១៩៥២ គឺមុនពេលកម្ពុជាបានឯករាជ្យនៅឆ្នាំ១៩៥៣ ទៅទៀត។ អូស្ត្រាលី ក៏ជាប្រទេសនាំមុខ ប្រកាសមិនទទួលស្គាល់ពួកខ្មែរក្រហម ក្នុងអង្គការសហប្រជាជាតិផងដែរ ខណៈប្រទសធំៗមួយចំនួន ដែលអួតអាងពីប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស តែទទួលស្គាល់ពួកខ្មែរក្រហមទៅវិញ។ រហូត ដល់ការស្វែងរកសន្តិភាពនៅកម្ពុជា ថ្នាក់ដឹកនាំអូស្ត្រាលី ក៏ខិតខំចូលរួមចំណែកសម្របសម្រួលជាច្រើន ដំណាក់កាល រហូតកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា មិនមានប្រទេសច្រើនទេក្នុងពិភពលោក ដែលយល់ព្រម សហការជាមួយប្រទេសផ្សេងតាក់តែងសៀវភៅ ស ការពារជាតិ ប៉ុន្តែប្រទេសយើង គឺទុកចិត្តគ្នា។ សម្តេច តេជោ ក៏បានថ្លែងអំណរគុណអូស្ត្រាលី ដែលបានជួយបង្ហាត់បង្រៀនភាសាអង់គ្លេសដល់កងទ័ពមួកខៀវ មុនចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព នៅបរទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កន្លងមក អូស្ត្រាលី ក៏បានជួយកម្ពុជា ក្នុងវិស័យបោសសម្អាតមីន ដូច្នេះសូមបន្តជួយ លើវិស័យនេះបន្ថែមទៀត ដើម្បីកម្ពុជា សម្រេចបានគោលដៅ “កម្ពុជា គ្មានមីន ឆ្នាំ២០២៥”។ ក្នុងឱកាសនោះ សម្តេច ក៏បានអញ្ជើញភាគីអូស្ត្រាលី ចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ប្រទេសកម្ពុជា ដែលកំពុងតែខិតខំបោសសម្អាតមីន និងកាកសំណល់មិនទាន់ផ្ទុះពីសង្គ្រាម ក្នុងប្រទេសខ្លួនឯងផង បាននិងកំពុងជួយបង្ហាត់បង្រៀនវិធីសាស្ត្របោសសម្អាតមីនដល់ប្រទេសដទៃផង (ដូចជាកូឡុំប៊ី, អ៊ុយក្រែន) និងបានបញ្ជូនកងទ័ពទៅដោះមីន នៅប្រទេសកំពុងមាន ជម្លោះផង ប៉ុន្តែគឺធ្វើក្រោមឆ័ត្រអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ពីចំនួន ៤៥ មក៦២នាក់។ ក្រៅពីនិស្សិតទួលបានអាហារូបករណ៍ ក៏មាននិស្សិតកម្ពុជា ជាច្រើនទៀត ក៏បានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ដោយសារតែ អូស្ត្រាលី នៅជិតជាងប្រទេសអឺរ៉ុប និងអាមេរិក, មានគុណភាពអប់រំខ្ពស់ និងមានវប្បធម៌រស់នៅប្រហាក់ ប្រហែលវប្បធម៌អាស៊ី ដែលអាណាព្យាបាលភាគច្រើនពេញចិត្ត។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានជូនពរឯកឧត្តមអគ្គរាជទូត និងភរិយា និងបុគ្គលិកស្ថានទូត អូស្ត្រាលីទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា- អូស្ត្រាលី ក្នុងបេសកកម្មការទូតនេះ ៕
អត្ថបទ៖ វណ្ណលុ
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ