ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ២០២៦
(ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា (កយកា-KOICA)ប្រចាំប្រទេសកម្ពុជា និងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក-CDCB/CDC) បានប្រជុំពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង ២០២៦ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន Brasserie Louis អគារវឌ្ឍនៈកាពីតាល រាជធានីភ្នំពេញ។
ភាគីទីភ្នាក់ងារកយកា(KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជង់ (CHOI Moon Jung) នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា ចំណែកភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក-CDC)។
ក្នុងជំនួបនោះ ភាគីទាំងពីរបានចែករំលែកពីវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការរបស់កយកា-KOICA តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ពិភាក្សាអំពីផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤ និងពិភាក្សាលើការរៀបចំផែនការគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦។ យើងរំពឹងថាកិច្ចប្រជុំនេះនឹងអនុញ្ញាត កយកា-KOICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក-CDC)និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ