ក្រសួងបរិស្ថានពង្រឹងតួនាទីនិងការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ការពារធម្មជាតិសំដៅធានាចីរភាពបរិស្ថាន

អត្ថបទដោយ៖
ជឹម ភារ៉ា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយប្រតិភូ​ថ្នាក់​ដឹក​នាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារ​ធម្មជាតិ​កោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត​តំពង់ស្ពឺ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណ ដល់ការចូលរួម និងកិច្ចសហការល្អ ពីអាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ និងជាពិ​សេស​ប្រជាពលរដ្ឋ ក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងការពារ​តំបន់​ធម្មជាតិ កន្លងមកយ៉ាងសកម្ម និងមានលក្ខណៈល្អប្រសើរ ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តភារកិច្ចរបស់​ខ្លួន​យ៉ាងសកម្ម ដោយអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើសរសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានខិតខំ​បន្ត​អនុវត្តការងារលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និង ជីវចម្រុះ ធានា​បានលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ក៏ដូចផ្ដោតលើការជួយ ដល់ការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមពង្រឹង​តួនាទីរបស់​សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារ គ្រប់គ្រង​និង​ខិតខំអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើន ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន​។ ហើយពេលនេះក្រសួងបានកំពុងពិនិត្យនិងសិក្សាលើការបងើតរបៀងគោលដៅលំហែបៃតង ភ្ជាប់តំបន់ការពារធម្មជាតិមួយទៅតំបន់មួយទៀត និងពីខេត្តមួយទៅខេត្តមួយ ដើម្បី​ពង្រីក និងពង្រឹងមុខរបរ សម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner