ឯកឧត្តមរដ្ឋមន្ត្រី សុខាភិបាល ៖ ការផ្លាស់ប្តូររបៀបរបបរស់នៅ ជាការសំខាន់សម្រាប់​ការពារ​ជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាក នៃជំងឺទឹកនោមផ្អែម លើស​សម្ពាធ​ឈាម

(ភ្នំពេញ)៖ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា ។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិនឆ្លង ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ។

ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។ ការផ្លាស់ប្តូររបៀបរបបរស់នៅ ជាការសំខាន់សម្រាប់ការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាក នៃជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ។

ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ការកាត់បន្ថយនិងការឈាន​ទៅដល់ការបញ្ឈប់នូវការពិសាបារី ការបន្ថយការទទួលទានគ្រឿងស្រវឹង បន្ថយការប្រើប្រាស់អំបិល-ស្ករ-ខ្លាញ់ ឱ្យមកប្រើប្រាស់ឱ្យតិចតាមដែលអាចធ្វើទៅបាន បង្កើនសកម្មភាពរាងកាយតាមរយៈការហាត់កីឡា ពលកម្មតាមគ្រប់ទំរង់ដែលអាចធ្វើទៅបាន ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner