អាល្លឺម៉ង់​ចេញបំរាមកាន់កាំបិតក្រោយការចាក់មនុស្សស្លាប់បីនាក់

បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បាននិយាយ នាពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងនឹងរឹតបន្តឹងច្បាប់ គ្រប់គ្រងកាំបិត រួមទាំង បំរាមកាន់កាំបិតនៅតាមកន្លែងនានា ឆ្លើយតបទៅនឹងការចាក់សម្លាប់មនុស្ស ៣នាក់ នាពេលថ្មីៗនេះ ដែលគេជឿថា ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម។

គួររម្លឹកថា មនុស្ស៣នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពិធីបុណ្យមួយ នៅភាគខាងលិច នៃទីក្រុង សូលីងជេន (Solingen) កាលពីចុងសប្តាហ៍មុន អំឡុងការវាយប្រហារ ដោយកាំបិត បង្កឡើងដោយបុរស ជាជនចំណាកស្រុក ដើមកំណើតស៊ីរី ឈ្មោះ អ៊ីសា អាល់ អេជ (Issa Al H) វ័យ ២៦ឆ្នាំ។

ការវាយប្រហារនេះបានធ្វើឱ្យមានការជជែកដេញដោល ជុំវិញបញ្ហាអន្តោប្រវេសន៍ នៅក្នុងប្រទេស និងបានដាក់សម្ពាធលើរដ្ឋាភិបាល ឱ្យធ្វើសកម្មភាពដាក់ចេញវិធានការបន្ទាន់។

រដ្ឋមន្ត្រីមហាផ្ទៃ លោកស្រី ហ្វេសឺ (Faeser) បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់សម្លាប់នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជាការគំរាមកំហែងដ៏ខ្លាំង ទាមទារឲ្យមានការដាក់ចេញ «វិធានការតឹងតែង» រួមទាំងការរឹតបន្តឹង លើការគ្រប់គ្រងកាំបិត។

លោកស្រីបាននិយាយទៀតថា ការកាន់កាំបិតនៅក្នុងពិធីបុណ្យ ឬ ព្រឹត្តិការណ៍កីឡា ព្រមទាំងកម្មវិធីជាសាធារណៈ ស្រដៀងគ្នា ផ្សេងៗទៀត នឹងត្រូវបានហាមឃាត់។ លោកស្រីរដ្ឋមន្ត្រីបាននិយាយដែរថា កាំបិតក៏នឹងត្រូវបានហាមឃាត់ នៅលើរថភ្លើងផ្លូវឆ្ងាយ ទៀតផង។

យ៉ាងណាមិញ លោកស្រី មិនទាន់បញ្ជាក់ថា ច្បាប់គ្រប់គ្រងកាំបិត នឹងត្រូវដាក់ចេញ ឲ្យអនុវត្ត នៅពេលណាជាក់លាក់នៅឡើយទេ ខណៈដែលជាទូទៅ វិធានការថ្មី ត្រូវឆ្លងកាត់សភាសិន។ ការចាក់សម្លាប់ នៅអាល្លឺម៉ង់ ភាគច្រើន ត្រូវបានចាត់ទុកថា ជាអំពើភេរវកម្ម៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner