ព្រែកជីកប៉ាណាម៉ាទទួលកប៉ាល់ដឹកទំនិញធំបំផុតបំបែកឯតទគ្គកម្ម

បរទេស៖ កាលពីថ្ងៃសុក្រ កប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ចំនួន១៧៦៤០ទូ បានបើកឆ្លងកាត់ព្រែកជីក ប៉ាណាម៉ា បំបែកកំណត់ត្រាកប៉ាល់ធំជាងគេពុំធ្លាប់មាន ដែលឆ្លងកាត់ផ្លូវទឹក របស់ប្រទេសប៉ាណាម៉ា មួយនេះ។

កប៉ាល់ Coargo MSC Marie ប្រវែង ៣៦៦ម៉ែត្រ និងទទឹង ៥១ម៉ែត្រ មួយគ្រឿងនេះ បានឆ្លងកាត់កំពង់ផែ Manzanillo នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ម៉ិកស៊ិក ដោយកំពុងធ្វើដំណើរ ទៅកាន់កំពង់ផែមួយ នៅតំបន់ Caribbean ។

វត្តមានកប៉ាល់មួយនេះ បានបំបែកកំណត់ត្រាចាស់ របស់នាវា EVER MAX ដែលបានដឹកជញ្ជូនកុងតឺន័រ ចំនួន១៧៣១២ ទូ TEUs កាលពីខែសីហា ឆ្នាំ២០២៣។ សមិទ្ធិផលនេះគឺជាសក្ខីភាពមួយ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ក្រុមការងារព្រែកជីក ដែលការប្តេជ្ញាចិត្តជឿជាក់ឡើងវិញ លើប្រសិទ្ធភាព នៃផ្លូវមួយនេះ។ គួរម្លឹកថា បាតុភូត El Nino កាលពីឆ្នាំ២០២៣ បានបណ្តាលឲ្យព្រែកជីកជួបគ្រោះរាំងស្ងួត កាត់បន្ថយចំនួននាវាដឹកជញ្ជូនឆ្លងកាត់ ជារៀងរាល់ថ្ងៃ ក៏ដូចជា កំណត់ទំហំនៃកប៉ាល់ធ្វើនាវាចរណ៍។ រហូតមកដល់ឆ្នាំ២០២៤នេះ ប៉ាណាម៉ាក៏បន្តជួបបញ្ហាខ្វះទឹក ផងដែរ។

ប៉ាណាម៉ា ជាផ្លូវទឹកសម្រាប់ការធ្វើនាវាចរណ៍ពាណិជ្ជកម្មពិភពលោកដ៏សំខាន់ ដែលតភ្ជាប់ពីមហាសមុទ្រអាត្លង់ទិក ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ នៅឆ្នាំ២០២៣ ទំនិញចំនួន ៥១១លានតោន បានឆ្លងកាត់ព្រែកជីកមួយនេះ បានបង្កើតប្រាក់ចំណូលសរុប ចំនួន៣.៣៤ពាន់លានដុល្លារអាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner