ហ្គាហ្សាផ្អាកសង្គ្រាម ឲ្យកុមារចាក់វ៉ាក់សាំងស្វិតដៃជើង
បរទេស៖ អ៊ីស្រាអែលបានយល់ព្រមផ្អាកការប្រយុទ្ធ នៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យកុមារតូចៗ នៅទីនោះ ទទួលបានការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង នេះបើតាមមន្ត្រីអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល។
អ្នកតំណាងអង្គការសុខភាពពិភពលោក សម្រាប់តំបន់ West Bank និង Gaza លោក Rik Peeperkorn បានប្រាប់សន្និសីទសារព័ត៌មាន ពីតំណភ្ជាប់វីដេអូមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ការផ្អាកនេះនឹងមានរយៈពេល បីថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ហើយនឹងត្រូវបែងចែក ជាបីដំណាក់កាល។
ទីភ្នាក់ងារអ៊ីស្រាអែលដែលទទួលខុសត្រូវចំពោះការអនុម័តជំនួយ ទៅកាន់តំបន់ហ្គាហ្សា ហៅកាត់ COGAT មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ CNN សម្រាប់ព័ត៌មានបន្ថែមអំពីរបៀប ដែលការចែកចាយវ៉ាក់សាំងនោះទេ។ ប៉ុន្តែ មន្ត្រីអ៊ីស្រាអែល គ្រាន់តែបញ្ជាក់ថា ដំណាក់កាលនីមួយៗ នៃយុទ្ធនាការចាក់វ៉ាក់សាំង ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែល៧ម៉ោង ។
លោក Basem Naim សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បាននិយាយថា ក្រុមខ្លួនបានស្វាគមន៍ចំពោះការជំរុញឱ្យមានការផ្អាកឈប់បាញ់ នៅហ្គាហ្សា ដើម្បីអនុវត្តការជំរុញការចាក់វ៉ាក់សាំង។ លោកបានបន្ថែមថា «យើងត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយអង្គការអន្តរជាតិដើម្បីធានាដល់យុទ្ធនាការនេះ»។
យ៉ាងណាក៏ដោយ មន្ត្រីអង្គការសុខភាពពិភពលោកបារម្ភថា រយៈពេលបីថ្ងៃ ប្រហែលមិនគ្រប់គ្រាន់ ដើម្បីឲ្យកុមារទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់ទេ៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត