ការប្លុកបណ្តាញសង្គម X នៅប្រេស៊ីលចូលជាធរមាន

បរទេស៖ ការប្លុកបណ្តាញសង្គម X របស់មហាសេដ្ឋី Elon Musk នៅក្នុងប្រទេសប្រេស៊ីល បានចាប់ផ្តើមចូលជាធរមានហើយ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីចៅក្រម តុលាការកំពូលបានបញ្ជាឱ្យផ្អាក បណ្តាញទំនាក់ទំនងសង្គម ដែលពីមុនគេស្គាល់ថា ជា Twitter មួយនេះ។

ចៅក្រមតុលាការកំពូលប្រេស៊ីល លោក Moraes កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យផ្អាកវេទិកានេះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នា អស់រយៈពេលជាច្រើនខែ ជាមួយមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ជុំវិញព័ត៌មានមិនពិត នៅក្នុងប្រទេសដ៏ធំបំផុតប្រចាំតំបន់អាមេរិកខាងត្បូង មួយនេះ។

លោក Musk ដែលក៏ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX ផងដែរនោះ បានប្រតិកម្មដោយកំហឹងចំពោះដីការបស់ចៅក្រម ដោយបានហៅលោក Moraes ថា ជា «ជនផ្តាច់ការដ៏អាក្រក់ ដែលស្លៀកពាក់ជាចៅក្រម» និងចោទប្រកាន់លោកថា «ព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសប្រេស៊ីល»។

លោក Musk ធ្លាប់បានប្រកាសខ្លួនឯងថា ជា «អ្នកនិយាយដោយសេរី» ប៉ុន្តែ ចាប់តាំងពីលោកបានកាន់កាប់វេទិកា X ក្នុងឆ្នាំ២០២២មក លោកត្រូវបានគេចោទប្រកាន់ពីបទបង្វែរ វាទៅជាឧបករណ៍បំពងសំឡេង សម្រាប់ទ្រឹស្តីសមគំនិតស្តាំនិយម។

លោក Moraes បានគំរាមពិន័យ ជាប្រាក់ចំនួន ៨៩០០ដុល្លារអាមេរិក ចំពោះបុគ្គលណាដែលប្រើ ឧបករណ៍ជំនួយបច្ចេកវិទ្យា ដូចជា VPN ជាដើម ដើម្បីអាចចូលប្រើ X។ ចៅក្រមរូបនេះ ក៏បានទាមទារឱ្យក្រុមហ៊ុន Google, Apple និងអ្នកផ្គត់ផ្គង់អ៊ីនធឺណិត ផ្តល់កិច្ចសហការលើរឿងនេះ ផងដែរ។

គួរបញ្ជាក់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មានអ្នកប្រើប្រាស់ជាង ២២លាននាក់ នៅក្នុងប្រទេសប្រេស៊ីល មុនពេលត្រូវបានប្លុក៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner