អ្នកជំនាញផ្នែកទីផ្សារ លក់ និងពាណិជ្ជកម្មឌីជីថល ចែករំលែកបទពិសោធន៍ពីការធ្វើទីផ្សារ 6.0 ជំរុញដោយ AI ទៅការលក់ក្នុងបរិបទថ្មី
(ភ្នំពេញ)៖ វាគ្មិន ៤រូប ដែលជាអ្នកជំនាញផ្នែកទីផ្សារ លក់ និងពាណិជ្ជកម្មឌីជីថល បានចែករំលែកបទពិសោធន៍ ដល់ម្ចាស់អាជីវកម្ម នៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ប្រមាណ ១២០នាក់ តាមរយៈសិក្ខាសិលាមួយ ដែលរៀបចំឡើងដោយ សហគ្រាសបណ្តុះបណ្តាលផ្នែកអាជីវកម្ម ហូម-ឌូខេសិន ស្តីពីការធ្វើទីផ្សារ 6.0 ជំរុញដោយ AI ទៅការលក់ក្នុងបរិបទថ្មី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។
លោក កឹម អឿន ស្ថាបនិក និងអគ្គនាយកនៃសហគ្រាស ហូម-ឌូខេសិន បានឱ្យដឹងថា វាគ្មិន ដែលចូលរួមចែករំលែក បទពិសោធន៍នាឱកាសមានដូចជា៖ លោក សុខ សុភមង្គល សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Codingate Technology, លោក ប៊ុន សុជាតិ អ្នកជំនាញផ្នែកទីផ្សារ និងពាណិជ្ជកម្មឌីជីថល, លោក ស៊ូ សាវឿន អ្នកឯកទេសបង្វឹកជំនាញលក់អាជីព និងលោក ម៉ិល សូរិយា អ្នកឯកទេសបង្វឹកជំនាញទីផ្សារបច្ចេកវិទ្យា អាយ ម៉ាធិច (| MarTech) ។
លោក កឹម អឿន បានបន្តថា សិក្ខាសិលានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ៤ចំណុច រួមមាន៖ ១. ផ្តល់យុទ្ធសាស្ត្រ និងចំណេះដឹងលើទីផ្សារដែលជំរុញដោយ AI ការលក់ ពាណិជ្ជកម្មអេឡិចត្រូនិក E- commerce និង AI ដើម្បីជួយអាជីវកម្មកម្ពុជាក្នុងការសម្របខ្លួន និងរីកចម្រើននៅក្នុងយុគសម័យ AI នេះ។ ២. បង្ហាញអំពីការប្រើប្រាស់ AI ដើម្បីបង្កើនភាពជោគជ័យក្នុងការទំនាក់ទំនង និងការលក់ ដោយផ្តល់ ឧទាហរណ៍ជាក់ស្តែងសម្រាប់អាជីវកម្មកម្ពុជា។ ៣. ផ្តល់ការបង្វឹកសម្រាប់ការបង្កើនប្រសិទ្ធភាពក្នុងការលក់ និងបង្កើតវត្តមានអនឡាញ ដ៏មានប្រសិទ្ធិភាព សម្រាប់កំណើនអាជីវកម្ម និង ៤. ជួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយផ្តល់ឧបករណ៍ និងចំណេះដឹងដែលចាំបាច់ដើម្បីធ្វើអាជីវ កម្មសម័យ AI នេះ។
អគ្គនាយករូបនេះ បានបន្ថែមថា សិក្ខាសាលានេះ បានផ្តល់ចំណេះដឹងសំខាន់ៗដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងយុគសម័យ AI ។ អ្នកជំនាញ បានចែករំលែកយុទ្ធសាស្ត្រ និងការយល់ដឹង ក្នុងវិស័យទីផ្សារឌីជីថលដែលជំរុញដោយ AI ការលក់ ពាណិជ្ជកម្មអេឡិចត្រូនិក និង AI ក្នុងអាជីវកម្ម ដើម្បីជួយអាជីវកម្មឱ្យសម្របខ្លួន និងរីកចម្រើន ។
សូមជម្រាបថា សហគ្រាសបណ្តុះបណ្តាលផ្នែកអាជីវកម្ម ហូម-ឌូខេសិន គឺជាស្ថាប័នអប់រំផ្នែកអាជីវកម្មមួយ ដែលបានបង្កើតឡើងក្នុងសម័យកូវីដ ។ ក្នុងរយៈកាលជាង ៤ឆ្នាំមកនេះ សហគ្រាសហូម-ឌូខេសិន ទទួលបានការគាំទ្រច្រើនពី សិក្ខាកាម ដែលជាសហគ្រិន នៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយរាល់កម្មវិធីសិក្សារបស់ ហូម-ឌូខេសិន ត្រូវបានបណ្តុះបណ្តាលដោយគ្រូឧទ្ទេសល្បីៗ ដែលមានចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅនៅក្នុងវិស័យធុរៈកិច្ច និងពាណិជ្ជកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមកពីបរទេសផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត