មេដឹកនាំបក្សមហាសាមគ្គីជាតិខ្មែរ៖ ជនក្បត់ជាតិ៣ជំនាន់ ធ្វើនយោបាយគ្មានអ្វីក្រៅតែពីការញុះញង់ បំផ្លើសបំភ្លៃ លាបពណ៌ គ្មានការពិត
ភ្នំពេញ៖ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា ជនក្បត់ជាតិ៣ជំនាន់ ធ្វើនយោបាយគ្មានអ្វីក្រៅតែពីការញុះញង់ បំផ្លើសបំភ្លៃ លាបពណ៌ គ្មានការពិត ឃោសនាឱ្យប្រជាពលរដ្ឋងើបឡើងបះបោរប្រឆាំងជាមួយរាជរដ្ឋាភិបាលតាមបែបក្រុមឧទ្ទាមក្រៅច្បាប់ បែបដណ្តើមអំណាច មិនគោរពវិធានច្បាប់ប្រជាធិបតេយ្យ សេរី ពហុបក្ស អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋដែលមានចែងនិងបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាបើកំពូលរបស់កម្ពុជា។
ឯកឧត្តម ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំកសាងសន្តិភាពខាងក្នុង និងខិតខំកសាងសន្តិភាពខាងក្រៅ ចងចំណងមិត្តភាពការទូតតាមបណ្តាប្រទេសជាមិត្ក ក៏ដូចជាខិតខំកសាងព្រំដែនសន្តិភាពជាមួយប្រទេសជិតខាងដើម្បីទុកជនកូនខ្មែរជំនាន់ក្រោយៗ ឱ្យបានរាប់រយជំនាន់តកូនតចៅខ្មែរ ដើម្បីបញ្ចប់ជម្លោះប្រវត្តិសាស្ត្រដោយសារតែព្រំដែនមិនជាក់លាក់ណាមួយរបស់កម្ពុជាជាមួយនឹងប្រទេសជិតខាង។
ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានចេញសេចក្តីថ្លែងការណ៍ដោយបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលថ្មីៗនេះ ដោយសារតែមានការចាប់អារម្មណ៍ច្រើនទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាម ស្របពេលដែលក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច កំពុងតែធ្វើការវាយប្រហារលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV- DTA នេះ ក្នុងចេតនាញុះញង់បំភ្លៃការពិត ដោយគ្មានមូលដ្ឋានជាក់លាក់ ជាពិសេសទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ និងបក្ខពួក ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន តែងតែធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថាមានការកាត់ទឹកដី ឬប្រគល់ដែនដីបញ្ចូលគ្នាណាមួយទៅឱ្យប្រទេសវៀតណាម ដែលនេះគឺជាចោទប្រកាន់ក្នុងចេតនាជ្រុលនិយមទាំងស្រុង ក្នុងគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាព ដោយបានបំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CLV-DTA នេះ។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលមាន កម្ពុជា ឡាវ វៀតណាម ដោយកិច្ចសហប្រតិបត្តិការនេះជាគំនិតផ្តួច ផ្តើមដំបូងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុងឆ្នាំ១៩៩៩ និងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ គឺមិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ប៉ុន្តែជាតំបន់ផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់កម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។
គណបក្សមហាសាមគ្គីជាតិខ្មែរ យល់ឃើញថា ប្រវត្តិសាស្ត្រ គឺជាប្រវត្តិសាស្ត្រ ចំពោះមុខបច្ចុប្បន្ន ក៏ដូចជាអនាគត កម្ពុជាចាំបាច់ត្រូវការប្លង់រឹងស្ថាពរជាមួយប្រទេសជិតខាង កុំឱ្យកម្ពុជាបាត់បង់ការរំលោភសិទ្ធិកម្ពុជាក្នុងភាពមិនច្បាស់លាស់បន្តទៅទៀត។ ខ្មែរមានយល់ទេប្រវត្តិបាត់ទឹកដីកម្ពុជា គឺដោយសារខ្មែរមានជម្ងឺប្រវត្តិសាស្ត្រ យើងមិនខំការពារមានតែខំបំផ្លាញ សួរថាខ្មែរខ្លាំងទេ គឺខ្លាំងសម្រាប់តែខ្មែរគ្នាឯង តែទីបំផុតខ្មែរត្រូវបានរលាយចំពោះតែការខ្លាំងមិនស្គាល់ពីខ្លួនឯងជានរណា។ ប្រវត្តិសាស្ត្រ ជាប្រវត្តិសាស្ត្រ តែកុំដើម្បីប្រវត្តិសាស្រ្តបំផ្លាញខ្មែរបន្តទៀតបានទេ ក៏ព្រោះតែខ្មែរខ្លាំងសូម្បីមិនស្គាល់ខ្លួនឯងជានរណា ខ្លាំងៗរហូត សឹងតែរលាយខ្មែរ។
គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានសម្តែងការសោកស្តាយចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលមិនបានសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពាក់ព័ន្ធនឹងការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម ចំណុចនេះហើយដែលក្រុមប្រឆាំងជ្រុលនិយម តែងតែបង្កើតឱកាសបំភ្លៃព័ត៌មានញុះញង់ ខុសពីការពិតជាក់ស្តែង ដោយបានទាញភ្ជាប់ទាក់ទងនឹងការវាយប្រហារលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នេះ ដើម្បីជាចេតនាក្នុងគោលបំណងធ្វើបដិវត្តន៍ពណ៌នៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីថែរក្សាការពារសុខសន្តិភាពជូនជាតិ និងប្រជាជន៕
ដោយ៖ពលជ័យ