ខេត្តបាត់ដំបងបំពាក់ឧបករណ៍ត្រួតពិនិត្យការបញ្ចេញសំណល់រាវនិងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ
បាត់ដំបង៖សុខុមាលភាពប្រជាជនរស់នៅខេត្តបាត់ដំបងត្រូវបានយកចិត្តទុកដាក់មួយកម្រិតថែមទៀត បន្ទាប់ពីមន្ត្រីបច្ចេកទេសនិងអ្នកជំនាញ នៃក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រក្នុងក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial)ដែល
មានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល របស់ ខេត្តបាត់ដំបង។
ការបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យនិងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនៃការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រផលិត សំបកថ្នាំពេទ្យខាងលើនេះគឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់និងលុបបំបាត់ការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែដែលជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបង។
លោក ង៉ុប ដួង អ្នកជំនាញផ្នែកដំឡើងគ្រឿងនិងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ បានប្រាប់ទូរទស្សន៍អប្សរាថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាននូវក្នុងការ តាមដាននិងការត្រួតពិនិត្យទប់ស្កាត់និងចាត់វិធានការបានទាន់ពេលវេលានៅពេលមានករណីលេចជ្រាបឬការលួចបង្ហូរទឹកកខ្វក់ឬក៏សារធាតុរាវពុលចេញពីរោងចក្រណាមួយដែលបានបំពាក់នូវឧបករណ៍នេះរួចដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ ។
អ្នកជំនាញរូបនេះបន្តថារាល់ទិន្នន័យទាំងអស់នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង ហើយទិន្នន័យទាំងនោះទោះក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងភ្លាមៗ។
ក្រោយពេលដែលនៅតាមបណ្តារោងចក្រនានាត្រូវបានកំណត់និងបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យនេះរួចរាល់ហើយនោះនៅគ្រប់រោងចក្រទាំងអស់នោះមិនអាចលួចបង្ហូរសារធាតុពុលឬទឹកកខ្វក់ចូលទៅក្នុងស្ទឹងទន្លេបានទៀតនោះទេ។
គប្បីរំលឹកជូនថា កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកំណត់យ៉ាងច្បាស់លាស់និងបញ្ជាក់ ពីវិធានការម៉ឺងម៉ាត់ឱ្យគ្រប់រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅតាមបណ្តោយដងស្ទឹងសង្កែត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពទឹកជាដាច់ខាត ដើម្បីបញ្ចៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវដែលមានសារធាតុពុល ចូលទៅក្នុងស្ទឹងសង្កែ។បន្ទាប់ពីក្រសួងបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពទឹករួចរាល់នៅតាមរោងចក្រសហគ្រាសដែលជាប់ប្រភពទឹកស្ទឹងសង្កែនោះ ការលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងសង្កែនឹងលែងកើតមានទៀតហើយ៕./.
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប