ស្រូវផ្ការំដួល និងសែនក្រអូបមានទីផ្សារខ្ពស់នៅក្រៅស្រុក ខណៈក្រសួងកសិកម្មអំពាវនាវឱ្យកសិករដាំដុះឱ្យបានច្រើន
(ភ្នំពេញ)៖ អង្ករផ្ការំដួល និងអង្ករសែនក្រអូបគឺជាអង្ករល្បីល្បាញឈ្មោះរបស់កម្ពុជា ដែលបានឈ្នះពានរង្វាន់ជាអង្ករល្អនៅលើឆាកអន្តរជាតិកន្លងមក ពេលនេះត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឱ្យកសិករដាំដុះឱ្យបានច្រើនដើម្បីទទួលបានផលកម្រៃខ្ពស់ និងក៏ដូចជានាំចេញទៅលក់ក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត។
នៅក្នុងឃ្លីប វីដេអូមួយ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន អំពាវនាវដល់កសិករ គួរជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះពីព្រោះថាស្រូវទាំង២ប្រភេទនេះ កំពុងមានតម្រូវការទីផ្សារខ្ពស់ ឋិតថេរ និងតម្លៃសមរម្យ។
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះបានបញ្ជាក់ដែរថា ប្រភេទស្រូវផ្ការំដួល និងស្រូវពូជសែនក្រអូបជាប្រភេទស្រូវពូជជាតិរបស់ខ្មែរយើងផលិត។ពិសេសជាងនេះពូជស្រូវទាំង ២ប្រភេទនេះ ជាពូជស្រូវមានតម្រូវការទីផ្សារខ្ពស់ ហើយរោងម៉ាស៊ីន និង ក្រុមហ៊ុនត្រូវការប្រមូលទិញសម្រាប់កែច្នៃនាំចេញទៅលក់នៅលើទីផ្សារក្រៅស្រុកទៀតផង។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងដោយបញ្ជាក់ប្រាប់បន្ថែមថា៖ក្រសួងកសិកម្មនឹងចូលរួមសម្របសម្រួលលើស្រូវទាំង២ដែលកសិករបានផលិតនេះដើម្បីបានសហការគ្នាល្អជាមួយ រោងម៉ាស៊ីន និង ក្រុមហ៊ុនក្មុងស្រុក ក្នុងការប្រមូលទិញស្រូវទាំងនេះឱ្យបានទាន់ពេលវេលា និងពិសេសតម្លៃទៀតសោតក៏សមរម្យតាមទីផ្សារ។
គួរបញ្ជាក់ថាអង្ករផ្ការំដួល បានជាប់ពានរង្វាន់ World Best Rice 2022 ជាអង្ករល្អដាច់គេលំដាប់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវអង្ករពិភពលោកដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃនាអំឡុងពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក។
ដោយឡែកពូជស្រូវសែនក្រអូប០១ ជាប្រភេទពូជស្រូវដែលត្រូវបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅឆ្នាំ២០១៩ ហើយពូជស្រូវប្រភេទនេះកំពុងរីកសាយភាយនៅប្រទេសកម្ពុជា ដោយសារពូជនេះផ្ដល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ ជាពិសេសវាជាពូជដែលមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។
គួរបញ្ជាក់ថាអង្ករកម្ពុជាដែលមានកេរ្តិ៍ឈ្មោះហើយនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិនោះក៏ត្រូវបាន ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ឱ្យដឹងនាកន្លងមកនេះដែរថាភាគច្រើនជាប្រភេទអង្ករ ផ្ការំដួល និងអង្ករសែនក្រអូប។ស្រូវទាំង២ប្រភេទនេះបាននាំចេញប្រមាណ ៨០ភាគរយបើធៀបនឹងអង្ករផ្សេងៗទៀតនៅកម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ