សម្ពោធទីលានបាល់បោះរទេះជនពិការ ជំនួយរដ្ឋាភិបាលជប៉ុន និងសប្បុរសជន ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង

(បាត់ដំបង)៖ ពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះ កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦.៣៣៣ ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា ។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានដឹកនាំប្រកបដោយការលះបង់ដ៏ខ្ជាប់ខ្ជួន មានស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត អភិវឌ្ឍកីឡាបាល់បោះរទេះជនពិការកម្ពុជា លើកទឹកចិត្តឱ្យអត្តពលិករបស់យើងសម្រេចបាននូវសមិទ្ធផល និងស្នាដៃយ៉ាងធំធេងក្នុងការចូលរួមក្នុងកម្មវិធីប្រកួតជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ អន្តរជាតិ, ជាពិសេសក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គួរជាទីមោទនៈសម្រាប់ កម្ពុជា ។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមទាំងអស់ គឺជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងរួម និងការគាំទ្រដ៏មានសារៈសំខាន់ ក៏ដូចជាបង្ហាញឱ្យឃើញពីកម្លាំងជំរុញដ៏សំខាន់ក្នុងការប្ដេជ្ញាចិត្តលើកកម្ពស់ជនមានពិការភាព មិនត្រឹមតែគ្រាន់តែជាការកសាងនូវទីលានសម្រាប់បាល់បោះរទេះជនពិការសម្រាប់ធ្វើការហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នានៃសមភាព ឱកាស និងក្តីសង្ឃឹម។

លោកជំទាវ បានបញ្ជាក់ថា «អ្នកមានពិការភាព គឺជាក្រុមគោលដៅអាទិភាពមួយក្នុងការទទួលបាននូវសេវានានា ការដោះស្រាយជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ពីកាកបាទក្រហមកម្ពុជា ក្នុងនោះមានដូចជា សមាគមតន្ត្រីសំនៀងជនពិការ, សមាគមវិទ្យុ/ទូរទស្សន៍អ្នកពិការភាពភ្នែក, កុមារខ្សោយសតិបញ្ញា, បុរីទារក, ជាពិសេស អ្នករងគ្រោះដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងកិច្ចសហការជាយូរអង្វែង និងការជួយឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ពីសមាគមជាតិជាដៃគូមួយចំនួន ដែលបាននិងកំពុងជួយអ្នករងគ្រោះដោយសារមីន និងអ្នករស់នៅក្នុងតំបន់ ប្រឈមនឹងគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៨ពាន់គ្រួសារ ឱ្យមានជីវភាពបានល្អប្រសើរឡើង តាមរយៈប្រាក់កម្ចីពុំមានការប្រាក់របស់កាកបាទក្រហមកម្ពុជា ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner