កុមារហ្គាហ្សាផ្តើមទទួលបានវ៉ាក់សាំងជំងឺស្វិតដៃជើង
បរទេស៖ មន្ត្រីសុខាភិបាលហ្គាហ្សា បាននិយាយថា យុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង បានចាប់ផ្តើម នៅហ្គាហ្សា កាលពីថ្ងៃសៅរ៍ ខណៈពេលដែលបុគ្គលិកជំនួយបាននិយាយថា ការដាក់ដំណើរការទ្រង់ទ្រាយធំ ត្រូវចាប់ផ្តើម នៅថ្ងៃអាទិត្យនេះ។
លោក Moussa Abed នាយកផ្នែកថែទាំសុខភាពបឋម នៅក្រសួងសុខាភិបាល បាននិយាយថា មន្ត្រីសុខាភិបាលក្នុងតំបន់ រួមជាមួយអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលកំពុងចាប់ផ្តើមយុទ្ធនាការ ផ្តល់វ៉ាក់សាំងជំងឺស្វិតដៃជើង។
ស្ត្រីឈ្មោះ Amal Shaheen ដែលមានកូនស្រីអាយុ ៣ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺរលាកសួត បាននិយាយ ជាមួយនឹងទឹកមុខព្រួយបារម្ភថា «យើងបានសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល ១៧ថ្ងៃហើយ…ថ្ងៃនេះ នាងត្រូវបានចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើង ដើម្បីការពារនាង ដូចក្មេងៗទាំងអស់ នៅក្នុងមន្ទីរពេទ្យ»។
អង្គការសុខភាពពិភពលោក ហៅកាត់ WHO បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមលើ «ការផ្អាកមនុស្សធម៌» រយៈពេលបីថ្ងៃ ជាបន្តបន្ទាប់ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់ការផ្តល់វ៉ាក់សាំងស្វិតដៃជើង។
គួរបញ្ជាក់ថា ជំងឺស្វិតដៃជើងនេះ ភាគច្រើនប៉ះពាល់ដល់កុមារ អាយុក្រោម ៥ ឆ្នាំ។ វាអាចបណ្តាលឱ្យកុមារខ្វិន ហើយ អាចស្លាប់បាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត