បាត់ខ្លួនឧទ្ធម្ភាគចក្រផ្ទុកមនុស្ស២២នាក់នៅរុស្ស៊ី
មូស្គូ៖ អាជ្ញាធរនៅក្នុងតំបន់បាននិយាយ កាលពីថ្ងៃសៅរ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលដឹកមនុស្ស ២២នាក់ ភាគច្រើន ជាអ្នកទេសចរ បានបាត់ខ្លួន នៅក្នុងតំបន់ឧបទ្វីប កាំឆាតកា (Kamchatka) ភាគខាងកើតនៃប្រទេសរុស្ស៊ី។
អភិបាលតំបន់ លោក វ្ល៉ាឌីមៀ សូឡូដូវ (Vladimir Solodov) បាននិយាយ នៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើ Telegram ថា ឧទ្ធម្ភាគចក្រ Mi-8 បានបាត់ការទាក់ទង នៅពេលរសៀល។ ប្រភពបន្តថា អ្នកដំណើរ ១៩នាក់ និងបុគ្គលិកបម្រើការចំនួន៣នាក់ មានវត្តមានលើឧទ្ធម្ភាគចក្រមួយគ្រឿងនេះ។ ក្រុមជួយសង្គ្រោះបាននិងកំពុងស្វែងរក តាំងពីយប់មិញ រហូតដល់ព្រឹកថ្ងៃអាទិត្យ មិនទាន់មានដំណឹង។ ឧទ្ធម្ភាគចក្របាត់ខ្លួន នៅជិតតំបន់ល្បីល្បាញ លើទេសភាពព្រៃ និង ភ្នំភ្លើង។
គួរបញ្ជាក់ថា Mi-8 គឺជាឧទ្ធម្ភាគចក្រយោធា ផលិតជំនាន់សហភាពសូវៀត ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយសម្រាប់ការដឹកជញ្ជូន នៅក្នុងប្រទេសរុស្ស៊ី។ ឧបទ្ទវហេតុធ្លាក់យន្តហោះ ឬ ឧទ្ធម្ភាគចក្រ គឺកើតមានញឹកជាញាប់ណាស់ នៅក្នុងតំបន់ ភាគខាងកើតឆ្ងាយ របស់រុស្ស៊ី ដែលមានប្រជាជនរស់នៅតិច និងជាកន្លែងដែលតែងតែមានអាកាសធាតុអាក្រក់។
កាលពីខែសីហា ឆ្នាំ២០២១ ឧទ្ធម្ភាគចក្រ Mi-8 មួយគ្រឿង បានធ្លាក់ចូលទៅក្នុងបឹងមួយ ក្នុងតំបន់ កាំឆាតកា (Kamchatka) បណ្តាលឲ្យស្លាប់មនុស្ស ៨នាក់។ កាលពីខែកក្កដា ឆ្នាំដដែល យន្តហោះមួយគ្រឿងបានធ្លាក់ នៅឧបទ្វីបមួយនេះ ស្លាប់មនុស្ស២៨នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត