រកឃើញសាកសពមនុស្សធ្លាក់ឧទ្ធម្ភាគចក្រនៅរុស្ស៊ីហើយ

បរទេស៖ ក្រុមអ្នកជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន ១៧នាក់ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង ផ្ទុកមនុស្ស២២នាក់ បានធ្លាក់នៅលើឧបទ្វីប Kamchatka នៃប្រទេសរុស្ស៊ី នៅភាគខាងកើត ឆ្ងាយ។

Kamchatka គឺជាតំបន់ព្រៃដ៏ស្រស់ស្អាត និងពេញនិយមសម្រាប់ទេសចរណ៍ផ្សងព្រេង ដោយសារភ្នំភ្លើងសកម្ម និងធម្មជាតិដ៏បរិសុទ្ធ។ អភិបាលតំបន់ Kamchatka លោក Vladimir Solodov បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញបំណែកឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃអាទិត្យ នៅតំបន់ភ្នំមួយក្នុង កម្ពស់ ៩០០ម៉ែត្រ។

តំណាងក្រុមរុករក លោក Ivan Lemikhov បាននិយាយថា «នៅពេលនេះ យើងបានរកឃើញសាកសពចំនួន ១៧ នាក់ រួចហើយ»។ លោកបានបន្តថា «ក្រុមអ្នកជួយសង្គ្រោះបានបង្កើតជំរំ ដើម្បីស្វែងរកមនុស្ស បាត់ខ្លួនបន្តទៀត។

យោងតាមក្រសួងសង្គ្រោះបន្ទាន់ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់ កាលពីថ្ងៃសៅរ៍មួយគ្រឿងនេះ ដំណើរការដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតំបន់ Kamchatka មានឈ្មោះថា Vityaz-aero ជាក្រុមហ៊ុនដែលតែងតែរៀបចំជើងហោះហើរ សម្រាប់អ្នកទេសចរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner