ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់ ១ខ្សែផ្លូវ 108 BT ដើម្បីរំដោះទឹកលិច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
(ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់ ៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់ ១ខ្សែផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃ២ កញ្ញានេះថា ៖ សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ៤ខ្សែហើយ ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រ x ២ម៉ែត្រប្រវែងជិត ២០០ម៉ែត្ររួចរាល់ទាំងស្រុងហើយក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។
ចំណែកមន្ត្រីជំនាញឱ្យដឹងថា៖ ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ ១០៨ដដែលនេះក្នុងរយះពេល ១ខែកន្លះទៀត ។ ជារួមការងារដាក់លូ និងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន ៤ខែ ដោយប្រើពេល ១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង ។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ ។
គួរបញ្ជាក់ថា ៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ៥ឆ្នាំ មានចំនួន ៥០គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង ។ កម្រោងរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តចំនួន ១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រ x ២ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ ។
គួររំលឹកថា អភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង កាលពីថ្ងៃទី១១ កក្កដា ២០២៤ កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យ វឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំង ១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ