អគ្គនាយករងកំពង់ផែស្វយ័តភ្នំពេញ លើកទឹកចិត្តឱ្យសិស្ស ត្រៀមប្រឡងបាក់ឌុប ដោយត្រូវចងចាំថា «ខិតខំរៀនឱ្យចេះ ជាជាងការរៀនឱ្យចាំ»

(ព្រៃវែង)៖ លោកស្រី ហ៊ឺ ផានិន អគ្គនាយករង អាជីវកម្ម ប្រតិបត្តិការផែស្វយ័តភ្នំពេញ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច បានណែនាំឲ្យសិស្សានុសិស្ស ដែលត្រៀមប្រលងកម្រិត មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ «ត្រូវរៀនឲ្យចេះ ជាជាងការរៀនឲ្យចាំ» ។

លោកស្រី ហ៊ឺ ផានិន បានបន្តថា នៅក្នុងដំណើរជីវិត ជាពិសេស នៅក្នុងការប្រកបការងារ ប្រសិនបើយើងចេះ គឺយើងអាចយកទៅធ្វើការដោះស្រាយ ជាមួយនឹងការងារគ្រប់បញ្ហា។ ប៉ុន្តែបើយើងចាំ គឺគ្រាន់តែហេតុការណ៍ ឬមានការផ្លាស់ប្ដូរបន្តិច គឺយើងនឹងមិនមានភាពបត់បែន នៅក្នុងការដោះស្រាយបញ្ហា នោះទេ។

លោកស្រីអគ្គនាយករង អាជីវកម្ម ប្រតិបត្តិការផែ មានប្រសាសន៍បែបនេះ ក្នុងឱកាសតំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាល ចុះមូលដ្ឋានស្រុកព្រះស្ដេច ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស ឆ្នាំសិក្សា ២០២៣-២០២៤ និងប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់សិស្សនិទ្ទេស A និង B ចំនួន៥៥រូប នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកស្រី ហ៊ឺ ផានិន បានណែនាំដែរថា ក្រោយជោគជ័យ ការប្រឡងបាក់ឌុប ហើយចូលដល់ការជ្រើសរើសជំនាញ នៅមហាវិទ្យាល័យនោះ, សូមរើសជំនាញ ឱ្យត្រូវនឹងភាពខ្លាំង របស់ខ្លួន ព្រោះប្រសិនជាយើងរើសនូវជំនាញ តាមសង្គមគ្រួសារ និងមិត្តភក្កិ អាចថា នៅពេលដែលយើង ចាប់ផ្ដើមរៀន ឬចាប់ផ្ដើមធ្វើការផ្នែកនោះ យើងនឹងចាប់ផ្ដើម ធុញទ្រាន់។ ដូច្នេះ ត្រូវជ្រើសរើសជំនាញ ដែលត្រូវនឹងទីផ្សារ នាពេលខាងមុខ ជាជាងការមើលត្រឹមតែទីផ្សារបច្ចុប្បន្ន ។

លោកស្រី ក៏បានលើកទឹកចិត្តឲ្យសិស្ស និស្សិតទាំងអស់ បើអាចធ្វើទៅបាន គួរតែរៀនបណ្ដើរ ធ្វើការបណ្ដើរ ព្រោះនៅពេលដែលយើងបញ្ចប់ការសិក្សា ហើយដាក់ពាក្យស្វែងរកការងារធ្វើ យើងនឹងមានចំណុចខ្លាំង ជាងគេ ពោលគឺមានបទពិសោធន៍ការងារ ជាងអ្នកដែលត្រឹមតែរៀន ហើយមិនធ្វើការ ។

សូមជម្រាបថា ដើម្បីជាការឆ្លើយតប និងលើកទឹកចិត្ត, ឯកឧត្តម ហ៊ឺ បាវី តែងតែផ្តល់រង្វាន់ ដល់សិស្សប្រឡងបាក់ឌុប ជាប់និទ្ទេស A និង B នៅស្រុកព្រះស្តេច ដែលផ្តល់ការទៅសិក្សានៅក្រៅប្រទេស រួមមាន ប្រទេសចិន និងទៅតាមសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ តាមជំនាញផ្សេងៗ ហើយក៏មានឱកាសការងារសម្រាប់យុវជន នៅស្រុកព្រះស្តេច នៅកំពង់ផែស្វយ័តភ្នំពេញផងដែរ ពោលគឺរៀនបណ្តើរ ធ្វើការងារបណ្តើរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner