គ. ជ.ប.ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

(ភ្នំពេញ)គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ. ជ.ប.)នៅថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២៤នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយពីលទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

សម្រាប់លទ្ធផលនៃ នៅទូទាំងប្រទេសត្រូវបានគ. ជ.ប.បញ្ជាក់មានដូចជា៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៩១១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៣៦៥ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៩៦៥ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.១៦៩ នាក់។

ដោយឡែកចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល​ចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។ដូចនេះ សូមអញ្ជើញប្រជា​ពលរដ្ឋទៅ​ពិនិត្យ​មើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ។ ប្រសិនបើ ពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវទៅតាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ដែលមាន សុពលភាពទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះ​បោះឆ្នោតបាន។

ចំពោះប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែល​ទើបគ្រប់ អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែល បានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា នៅឃុំ សង្កាត់ ដែលសាមីខ្លួន​កំពុងរស់នៅ ឬស្នាក់នៅ។ សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/voter-list-revision-2024 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្តោះអាសន្ន​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រចាំថ្ងៃ៕

ដោយ ៖ ម៉ាដេប៉ូ

ads banner