យោធិនខេត្តកំពង់ធំ ទស្សនា និងស្តាប់កិច្ចពន្យល់របស់រដ្ឋមន្ត្រី និងមន្ត្រីជំនាញបច្ចេកទេសជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកជាមួយវៀតណាម
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូបង្គោលមកពីតាមបណ្ដាកងឯកភាពចំណុះ ចូលរួមទស្សនា និងស្តាប់កិច្ចពន្យល់របស់រដ្ឋមន្ត្រី និងមន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ការពន្យល់បកស្រាយនេះធ្វើឡើងដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ស្រ៊ឺ បូរ៉ា មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ក្រោយពីបានទស្សនា និងស្ដាប់កិច្ចពន្យល់យ៉ាងក្បោះក្បាយពីរដ្ឋមន្ត្រី និងមន្ត្រីជំនាញជាន់ខ្ពស់ស្ដីពីកិច្ចការបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួចមក បានធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានយល់កាន់ច្បាស់ថែមទៀត ងាយស្រួលក្នុងការទៅផ្សព្វផ្សាយពន្យល់ដល់ក្រុមគ្រួសារ និងប្រជាជននៅតាមមូលដ្ឋាននានាឱ្យបានយល់ជ្រួតជ្រាបបន្តទៀត៕
ដោយ៖ប៊ុន រដ្ឋា